(កូរ៉េ)៖ ក្រុមការងាររៀបចំឆាកនៃការប្រគំតន្ត្រី «Summer Swag 2022» របស់ PSY ម្នាក់ ត្រូវបានរាយការណ៍ថា បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើឆាក កម្ពស់២០ម៉ែត្រ ខណៈកំពុងរៀបចំឆាក នៅខេត្ត Gangwon។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន កាលពីថ្ងៃទី៣១ ខែកក្កដា វេលាម៉ោង ៣៖៥២ (ពេលវេលានៅកូរ៉េខាងត្បូង) គឺមានបុរសជនជាតិម៉ុងហ្គោលីម្នាក់ក្នុងវ័យ២០ ឆ្នាំរបស់គាត់បានធ្លាក់ពីលើឆាកកម្ពស់២០ម៉ែត្រ ខណៈកំពុងធ្វើការរុះរើប៉មពន្លឺ ដែលបានដំឡើងពីមុនសម្រាប់កម្មវិធី Gangneung Stadium។ បុរសនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ក្នុងស្ថានភាពគាំងបេះដូងប៉ុន្តែទីបំផុតបានស្លាប់បាត់ទៅហើយ។

គួរជម្រាបថា ពាក់ព័ន្ធករណីនេះ ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការប្រគំតន្ត្រីដែលបានប្រារព្ធឡើងនៅថ្ងៃទី៣០ ខែកក្កដា៕