(បរទេស)៖ ក្រុមហ៊ុន Apple បានធ្វើការលើរថយន្តអគ្គិសនីដំបូងគេរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែយ៉ាងណាគម្រោងនោះហាក់ដូចមិនត្រូវបានបោះបង់នោះទេ បើទោះបីជាមិនទាន់ឃើញការប្រកាសចេញជាផ្លូវការនោះ។ ដោយឡែកព័ត៌មានថ្មីនេះបានឱ្យដឹងថា Apple កំពុងតែទទួលបានបុគ្គលិកសំខាន់មួយរូបដែលមានបទពិសោធន៍យូរឆ្នាំចូលមកក្នុងគម្រោងផលិតរថយន្តរបស់ខ្លួន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

អ្នកជំនាញម្នាក់ដែល Apple បានទាញយកមកធ្វើការជាមួយខ្លួននោះមានឈ្មោះថា Luigi Taraborrelli ដោយលោកធ្លាប់ជាអតីតបុគ្គលិកជាន់ខ្ពស់នៅផ្នែក R&D (ស្រាវជ្រាវ និងអភិវឌ្ឍន៍) នៅក្នុងក្រុមហ៊ុនផលិតរថយន្ត Lamborghini អស់រយៈពេលជិត ២១ឆ្នាំមកហើយ ខណៈដែលលោកទើបតែប្រកាសចេញកាលពីខែឧសភាឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ។ ក្នុងអំឡុងពេលធ្វើការនៅទីនោះលោកបានធ្វើការលើរថយន្ត Urus SUV របស់ក្រុមហ៊ុន Lamborghini កំពូលៗជាច្រើនរួមមាន Lamborghini Urus, Huracan និង Avantador ថែមទាំងធ្លាប់បានធ្វើការទៅលើគម្រោងម៉ូដែលមួយចំនួនដូចជា Lamborghini Sterrato ផងដែរ។

យ៉ាងណាមិញគម្រោងដែរ Apple បង្កើតឡើងសម្រាប់ផលិតរថយន្តអគ្គិសនីនោះមានឈ្មោះថា Project Titan ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម្លេះ ប៉ុន្តែគម្រោងនោះត្រូវបានពន្យាពេលម្តងហើយម្តងទៀត។

បើយោងតាមប្រភពពីរបាយការណ៍ខាងលើបានបញ្ជាក់បន្ថែមថា លោក Luigi Taraborrelli នឹងត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូប នៅក្នុងក្រុមដែលសិក្សាលើគម្រោង Apple Car ហើយលោកក៏ត្រូវបានគេរំពឹងថា នឹងជួយដឹកនាំទៅលើផ្នែកឌីហ្សាញ Apple Car ផងដែរ៕