(កំពង់ស្ពឺ)៖ នៅក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន នារីចល័តចរ រួមជាមួយ Fresh Adventure បានរុករកទៅដល់ទឹកធ្លាក់ថ្មីដ៏ស្រស់ស្អាតមួយកន្លែងនៅជិតភ្នំខ្នងសំពៅនៃតំបន់ខ្នងផ្សារ ខណៈប្រជាសហគមន៍ហៅថា «ទឹកធ្លាក់ខ្នងសំពៅ»

ក្នុងដំណើរបេសកកម្មរយៈពេល៣ថ្ងៃ២យប់ នារីចល័តចរ និង Fresh Adventure បានស្នាក់នៅផ្ទះអ្នកភូមិ១យប់នាសហគមន៍អេកូទេសចរណ៍តាំងបំពង់ ខេត្តកំពង់ស្ពឺ។ នៅពេលព្រឹកព្រលឹម មុនឡើងទៅខ្នងផ្សារ ក្រុមអ្នកទេសចរត្រូវចុះឈ្មោះនៅទីស្នាក់ការបរិស្ថាន (តំបន់ការពារធម្មជាតិក្រវាញខាងត្បូង) ឱ្យបានគ្រប់គ្នា ដើម្បីរាយការណ៍ជូនមន្ត្រីឧទ្យានុរក្សអំពីឈ្មោះ លេខទូរស័ព្ទ និងរយៈពេលកម្សាន្ត-ស្នាក់នៅជាដើម ជាមួយនឹងការបង់ថ្លៃសេវាត្រឹមតែ៤,០០០រៀលប៉ុណ្ណោះក្នុងម្នាក់។

ចេញពីទីស្នាក់ការបរិស្ថាន ទិដ្ឋភាពអ្នកភូមិមមាញឹកនឹងការប្រកបការងារប្រចាំថ្ងៃ កាត់ផ្ទះពូសៅប្រធានសហគមន៍ កាត់ផ្ទះពូសូរមីងសៀងអ៊ំសុខបងសាន្ត ឆ្លើយឆ្លងសួរសុខទុក្ខទៅណាមកណី លេចឡើងនូវភាពសប្បាយអឺងកង។ មិនតែប៉ុណ្ណោះ យើងក៏បានឆ្លងកាត់មុខផ្ទះបងឡាម៉ូដែលកំពុងសាងសង់ថ្មី​។

ផុតភូមិចូលព្រៃ បេសកម្មសាច់កម្មក៏បានចាប់ផ្ដើម! សំឡេងគោយន្តរោទិ៍លាន់សន្ធឹក ផ្សែងហុយក្រមៅខ្មួរខ្មាញ់បាញ់ចេញពីស៉ីម៉ាំង រ៉ឺម៉កគោយន្តផ្អៀងផ្អងរខាករខុបស្ទើរធ្លាក់ម្ដងៗ ឯអ្នកទេសចរយើងខ្លះស្រែកហ៊ោកញ្ជ្រៀវក្អាកក្អាយពេញផ្លូវ។ ផ្លូវនោះរលាក់ណាស់ តែវាជារសជាតិពិសេសមួយនៃដំណើរទៅលេងខ្នងផ្សារ។ ប្រមាណកន្លះម៉ោងទៅ១ម៉ោងក្រោយមក គោយន្តក៏ឈប់ព្រោះអស់ផ្លូវទៅលែងរួច នារីចល័តចរ និង Fresh Adventure ក៏ស្រវាអីវ៉ាន់រៀងខ្លួនស្ពាយដើរទៅបន្ត ម្នាក់ៗខោអាវឡើងសុទ្ធតែភក់ ភក់ដែលខ្ចាយពីកង់គោយន្ត។

ដើរផុតព្រៃរបោះចូលព្រៃឫស្សី ផុតព្រៃ​ឫស្សីមកដល់តូបគេលក់ចំណីចំណុកល្មម។ អីយ៉ា! កំពុងតែហត់ផង ចេះមកមានអ្នកលក់ក្នុងព្រៃអ៉ីចឹងទៅកើត ដាក់បបរសាច់មាន់មួយចានសិន។ គួរជម្រាបថា នៅតាមផ្លូវទៅខ្នងផ្សារនោះ គឺមានតូបលក់ចំណីចំណុករបស់អ្នកភូមិច្រើននិងមាន២កន្លែង ដែលភ្ញៀវទេសចរទិញបរិភោគបាន ថ្វីដ្បិតតម្លៃថ្លៃលើសធម្មតាបន្តិច តែបើទូទាត់លើការដឹកជញ្ជូនទៅកាន់កន្លែងដែលលំបាកបែបនេះ គឺសមហេតុផលដែរ។

ចាប់ពីកន្លែងលក់ដូរទៅដល់ពាក់កណ្ដាលផ្លូវ គឺគ្មានសេវាទូរស័ព្ទឡើយ ដែលយើងត្រូវប្រើពេលយ៉ាងតិចប្រមាណ២ម៉ោងដែរ ទើបទៅដល់ទីពាក់កណ្ដាលផ្លូវដែលមានចងទង់ជាតិកម្ពុជានៅទីនោះ។ នៅទីនោះគឺមានសេវាអ៉ឺនថឺរណេតខ្លះដែរ (Smart) បើចង់បើក Facebook បង្ហោះរូប ឬចង់រាយការណ៍ទៅផ្ទះ ទៅសង្សារ ប្រពន្ធកូន ឪពុកម្ដាយ ចៅហ្វាយនាយជាដើមនោះ ក៏រាយការណ៍ឱ្យហើយទៅ ព្រោះទៅលើទៀតគឺដាច់អស់ហើយ។

នារីចល័តចរ Fresh Adventure បានបន្តដំណើរទៅមុខទៀត ខណៈចំពេលធ្លាក់ភ្លៀងផង ប៉ុន្តែការធ្វើដំណើរឡើងភ្នំខ្នងផ្សារនេះ ប្រសិនបើបានភ្លៀង ឬអាកាសធាតុត្រជាក់គឺពិតជាល្អ វាមិនជារងាណាស់ណាទេ តែវាជួយឱ្យអ្នកឡើងមិនសូវអស់កម្លាំងខ្លាំង។ នៅតាមផ្លូវមានគេមានយើងហូរហែ ព្រោះខ្នងផ្សារនាពេលបច្ចុប្បន្នប្រៀបដូចជាប្រជុំជនលើភ្នំយ៉ាងអញ្ចឹង មានគេទៅលេងកម្សាន្តជាហូរហែឥតសូវដាច់ទេ ពិសេសក្រុមយុវជនដែលនិយមចូលចិត្តដើរព្រៃឡើងភ្នំ។

មុនទៅដល់ទីតាំងសម្រាក នារីចល័តចរក៏ចូលមុជទឹកតាមផ្លូវសិន ព្រោះពេលជិតដល់គឺមានទឹកអូរធម្មជាតិមួយរាក់ល្មមអាចមុជបាន ហើយបន្ទាប់ពីនេះគឺទៅដល់កន្លែងបោះតង់នៅជិតជើងភ្នំខ្នងសំពៅ។

ពេលស្អែកឡើង នារីចល័តចរ និង Fresh Adventure បានទៅលេងកម្សាន្តនៅតាមខ្នងសំពៅ ខ្នងស្រូវ និងខ្នងផ្សារ។ សូមបញ្ជាក់ថា នារីចល័តចរធ្លាប់បានទៅខ្នងផ្សារ១៦ដងមកហើយ អាចនិយាយបានថាជាអ្នកឡើងខ្នងផ្សារបានញឹកញាប់ជាងគេ មានពេលមួយនាងបានឡើងទៅខ្នងផ្សារទាំងយប់ទៀតផង គឺម៉ោង១២យប់ នាងពិតជាក្លាហាន ព្រោះតែចង់សាកល្បងសមត្ថភាពខ្លួនឯង។ ប៉ុន្តែទោះជាយ៉ាងណា នារីចល័តចរនៅតែពេញចិត្តនឹងទេសភាពនៅទីនោះ ចង់ទៅហើយទៅទៀត។

មិនយូរប៉ុន្មាន បេសកកម្មផ្សងព្រេងក៏បានដល់ដំណាក់កាលក្ដៅ នោះគឺការរុករកទឹកធ្លាក់ក្នុងព្រៃ។ សហគមន៍នៅទីនោះក៏មិនសូវស្គាល់ទឹកធ្លាក់នោះដែរ ប្រហែលមានមនុស្សតិចណាសដែលបានស្គាល់។ បើយើងចេញពីខ្នងសំពៅ គឺត្រូវដើរចុះទៅតាមជម្រាលខាងត្បូង កាត់វាលស្មៅ វាលស្រល់ ហើយក៏បន្តចុះទៅដល់ជ្រលងដែលមានព្រៃរាងក្រាស់។ សម្រឹបជើងប្រាវៗ ដីសើមៗ ស្រាប់តែល្បងទាកលើកគ្នាលោតផ្លោតៗសំដៅមករកមនុស្ស វាតូចៗទន់ៗ តែទាមបឺតឈាមក៏ឈឺដែរ។ ដើម្បីគេចពីឈ្លើកគោកទាំងនេះ យើងត្រូវដើរស្រូតឱ្យលឿន ភ្នែកត្រូវរវៀសមើលវា ក្រែងលោវាតោងជើងខោ ហើយអាចចូលទៅម៉ឹមៗឈាមយើង។ ប្រាវៗឆាវៗនៅខាងមុខ គឺជាសំឡេងទឹកធ្លាក់នោះហើយ។ ការពុះពារលើកនេះគឺមិនឥតប្រយោជន៍ទេ ព្រោះនារីចល័តចរ និង Fresh Adventure បានរកឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតនោះហើយ។ បើតាមនារីចល័តចរ ទឹកធ្លាក់នោះមាន២ដំណាក់ ដែលដំណាក់ខាងលើមានកម្ពស់ប្រហែល២ម៉ែត្រទេ ប៉ុន្តែដំណាក់ខាងក្រោមទើបខ្ពស់ជាង ប្រហែល៨ម៉ែត្រ ឬ១០ម៉ែត្រ។ នៅដំណាក់ខាងលើគឺស្អាត អាចលេងទឹក អាចថតរូបបាន តែសូមប្រយ័ត្នល្បងទាកផង រីឯនៅដំណាក់ខាងក្រោម លេងមិនបានទេ បានត្រឹមតែឈរមើល និងថតរូបប៉ុណ្ណោះ។ នារីចល័តចរ និង Fresh Adventure បានថតយករូបនិងវីដេអូយ៉ាងច្រើនអំពីទឹកធ្លាក់នេះ ខណៈប្រជាសហគមន៍ក៏បានប្រាប់ឈ្មោះទឹកធ្លាក់នេះថា «ទឹកធ្លាក់ខ្នងសំពៅ» ព្រោះតែទីតាំងនៅជិតខ្នងសំពៅ ហើយនៅតាមជ្រលងជើងភ្នំខ្នងសំពៅផងដែរ។

បន្ទាប់មក ចល័តចរបានបន្តដំណើរឡើងទៅលេងនៅខ្នងផ្សារទៀត ដើម្បីអង្គុយចាំមើលថ្ងៃរៀបលិច និងគយគន់ទេសភាពពីលើកំពូលភ្នំ ដែលលាយលំជាមួយពពកអ័ព្ទហោះហើរពាសពេញអាកាស។ លុះពេលថ្ងៃរៀបលិចមកដល់ ពន្ទឺពណ៌ក្រហមឆ្អិនឆ្អៅជះពីទិសខាងលិចសាយលើព្រៃព្រឹក្សានៃតំបន់ការពារធម្មជាតិកម្ពុជា ផ្ដល់នូវទស្សនីយភាពគួរជាទីរមណីយ។ ទេសភាពស្អាតណាស់នៅតំបន់នេះ មិនដឹងធម្មជាតិតាក់តែងយ៉ាងម៉េចខ្លះ ទើបធ្វើឱ្យទីនេះមានមន្តស្នេហ៍ខ្លាំងអ្វីម្ល៉េះ។

នៅពេលទៅដល់កន្លែងបោះតង់វិញ សហគមន៍ក៏បានរៀបចំបាយម្ហូបសម្រាប់នារីចល័តចរ និង Fresh Adventure។ អត់មានអីច្រើនទេ មានតែមាន់ស្ងោរ សាច់គោងៀតអាំង ត្រីខកំប៉ុងប៉ុណ្ណឹងឯង។ ក្រោយពេលទទួលទានអាហាររួច វេលានិន្ទ្រាក៏ឈានចូលមកដល់ គ្រប់គ្នាគឺសម្រាកក្នុងតង់ អាកាសធាតុត្រជាក់ណាស់ តែមាន Sleeping bage ជួយបាន។ ក្រោយពេលសម្រាកនៅយប់ទី២នេះហើយ ព្រឹកឡើង នារីចល័តចរ និងក្រុម Fresh Adventure ក៏បានធ្វើដំណើរចុះទៅសហគមន៍ ដើម្បីវិលត្រលប់ទៅគេហដ្ឋានវិញ៕

សូមទស្សនាវីដេអូរបស់នារីចល័តចរនៅក្នុងកម្មវិធី Fresh Adventure វគ្គ១ ដែលបានទៅដល់តំបន់ខ្នងផ្សារ ពិសេសគឺទឹកធ្លាក់ខ្នងសំពៅ៖