(ភ្នំពេញ)៖ ពីប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អបអរសាទរ និងកោតសរសើរចំពោះកីឡាករ កីឡាការិនី នគរបាលជាតិកម្ពុជា ទទួលបានមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពីភពលោក លើកទី១៩ ឆ្នាំ២០២២ នៅប្រទេសហូឡង់ (The 19th World Police & Fire Games 2022 Rotterdam, Netherland)។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងចំនួន៣ចំណុច៖

*ទី១៖ ការចូលរួមប្រកួតកីឡាជាលក្ខណៈពិភពលោករបស់នគរបាលជាតិកម្ពុជា ជាមោទនភាពរបស់ប្រទេសជាតិយើង ហើយការទទួលបានលទ្ធផលដ៏ធំធេងនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់វិស័យកីឡានិយាយជារួម និយាយដោយឡែក វិស័យកីឡារបស់នគរបាលជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

*ទី២៖ ការធ្វើឲ្យវិស័យកីឡារបស់នគរបាលជាតិ មានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសឈានដល់ការស្មើមុខស្មើមាត់លើឆាកអន្តរជាតិ គឺបានមកពីការដឹកនាំ និងគាំទ្រយ៉ាពេញទំហឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានមកពីការខិតខំហ្វឹកហាត់របស់កីឡាករ កីឡាការិនីរបស់យើង។

*ទី៣៖ នគរបាលជាតិ ប្តេជ្ញាចិត្តធ្វើឲ្យវិស័យកីឡារបស់នគរបាលជាតិកម្ពុជា មានការរីកចម្រើន និងទទួលបានជោគជ័យថ្មីបន្ថែមទៀត។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានជូនពរដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពីភពលោក លើកទី១៩ ឆ្នាំ២០២២ (The 19th World Police & Fire Games 2022 Rotterdam, Netherland) សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល។

សូមជម្រាបថា ក្នុងការប្រកួតកីឡាចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នគរបាលជាតិកម្ពុជា ទទួលបានមេដាយសរុបចំនួន ៣៣ ក្នុងនោះ៖

*ទី១៖ ជូជីតស៊ូ-JIU Jitsu មេដាយមាស ១, ប្រាក់ ៣, សំរឹទ្ធ ១
*ទី២៖ ចំបាប់-Wrestling មេដាយមាស ៣, ប្រាក់ ១, សំរឹទ្ធ ២
*ទី៣៖ យូដូ-Judo មេដាយសំរឹទ្ធ ៣
*ទី៤៖ វាយកូនឃ្លីលើតុ-Table Tennis មេដាយសំរឹទ្ធ ១
*ទី៥៖ ការ៉ាតេ-Karate មេដាយមាស ១, ប្រាក់ ២, សំរឹទ្ធ ២
*ទី៦៖ វាយសី-Badminton មេដាយប្រាក់ ១, សំរឹទ្ធ ១
*ទី៧៖ តេក្វាន់ដូ-Taekwondo មេដាយមាស ៣
*ទី៨៖ ចំបាប់កាច់ដៃ-Wrist Wrestling មេដាយមាស ៦, ប្រាក់ ១
*ទី៩៖ លើកទម្ងន់-Push/Pull lifting មេដាយមាស ១៕