(ភ្នំពេញ)៖ Grab ដែលជាកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញតាមទូរសព្ទ បានប្រកាសដាក់ដំណើរការ សេវាដឹកជញ្ជូនអាហារ GrabFood ជាផ្លូវការ និងគ្រោងពង្រីកសេវាកម្មនេះ នៅទូទាំងរាជធានីភ្នំពេញ នៅចុងឆ្នាំ២០២២ ដើម្បីប្រកួតប្រជែង ក្នុងសេវាកម្មដឹកជញ្ជូនម្ហូបអាហារ នៅកម្ពុជា។

លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ក្រោយពីទទួលបានជោគជ័យ ក្នុងការដាក់ដំណើរការ សាកល្បងរយៈពេល៤ខែក្នុងរាជធានីភ្នំពេញរួចមក បានផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុន ក្នុងការបើកដំណើរការ GrabFood ជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយបច្ចុប្បន្ននេះមានបម្រើសេវាកម្ម ដឹកជញ្ជូនម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅតំបន់កណ្តាលរាជធានីភ្នំពេញ ព្រមទាំងនៅខណ្ឌច្បារអំពៅ និងសែនសុខ។ ក្រុមហ៊ុននឹងកាន់តែខិតខំប្រឹងប្រែងថែមទៀតក្នុង ការពង្រីកសេវាកម្មនេះ ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែច្រើន អាចរីករាយជាមួយសេវា GrabFood ។

លោកបន្ថែមថា ការដាក់សម្ពោធនូវសេវាកម្ម GrabFood នេះ នឹងក៏ផ្តល់នូវឱកាសលក់តាមអនឡាញបន្ថែម សម្រាប់ហាងលក់អាហារខ្មែរក្នុងស្រុកផងដែរ ព្រោះក្នុងអំឡុងពេលសាកល្បងសេវាដឹកជញ្ជូនអាហារនេះ ម្ហូបអាហារខ្មែរបានជាប់ចំណាត់ថ្នាក់ និងមានការពេញនិយមជាងគេ បន្ទាប់មកប្រភេទអាហារទាន់ចិត្ត (fast food) និងកាហ្វេ។ នេះបង្ហាញថា Grab ពិតជាក្រុមហ៊ុនដែលរួមចំណែកជួយប្រទេសកម្ពុជា និងផ្តល់ជូនអាហាររសជាតិបែបខ្មែរពិតៗ ។

លោក Corentin Rouxel ថ្លែងថា «យើងពិតជាសប្បាយចិត្តណាស់ ដែលការដាក់ដំណើរការ GrabFood បានផ្ដល់ជូនបន្ថែមនូវអត្ថប្រយោជន៍ ដល់ដៃគូដឹកជញ្ជូនរបស់យើងផងដែរ។ កំឡុងពេលដំណើរការបើកសាកល្បងនេះ ដៃគូដឹកជញ្ជូនរបស់យើងជាច្រើន អាចបង្កើនចំណូលប្រចាំសប្តាហ៍របស់ពួកគេទ្វេដង»

លោក កង សុវណ្ណារ៉ូត ប្រធានគ្រប់គ្រងផ្នែកសេវាកម្ម GrabFood បានលើកឡើងថា ដ្បិតសេវាកម្មដឹកជញ្ជូនអាហារ GrabFood មិនមែនជាសេវាដំបូងគេនៅកម្ពុជាក៏ពិតមែន តែតាមរយៈការផ្តល់ជូននូវគុណភាព និងតម្លៃ GrabFood អាចនឹងឈានមុខគេនៅក្នុងវិស័យនេះនាពេលអនាគត។

លោកបញ្ជាក់ថា បើទោះបី GrabFood ទើបតែដាក់ដំណើរការ ប៉ុន្តែក្រុមហ៊ុនមានយុទ្ធសាស្ត្រថ្មីៗដើម្បីទាក់ទាញអតិថិជន ពិសេសផ្តោតសំខាន់ទៅលើការផ្តល់សេវា ដែលមានគុណភាព និងជឿទុកចិត្តបាន ដោយ បានសហការជាមួយហាងល្បីៗជាច្រើននៅកម្ពុជា បានប្រមាណ៤០០ហាង។ ជាមួយគ្នានេះ ក្នុងពេលដាក់ដំណើរការនេះ ក្រុមហ៊ុនបានធ្វើការបញ្ចុះតម្លៃរហូតដល់៥០ភាគរយ នៅពេលដែលអតិថិជនបញ្ជាទិញអាហារពី GrabFood និងបង់តម្លៃដឹកជញ្ជូនថេរត្រឹម ១០០រៀលប៉ុណ្ណោះ ដោយមិនគិតពីចម្ងាយដឹកជញ្ជូនរវាងភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងរបស់អ្នកប្រើប្រាស់នោះទេ ។

GrabFood គឺជាសេវាដឹកជញ្ជូនអាហារ ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានប្រតិបត្តិការសេវាដឹកជញ្ជូនអាហារ ដឹកជញ្ជូន និងសេវាកម្មហិរញ្ញវត្ថុឌីជីថលនៅ ក្នុងទីក្រុងចំនួន៤៨០ ក្នុងប្រទេសចំនួន៨ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់មា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

សេវាដឹកជញ្ជូនអាហារ GrabFood មាននៅក្នុងកម្មវិធីGrab ផ្ទាល់ ដោយផ្តល់ជូនអ្នកប្រើប្រាស់ នូវភាពងាយស្រួលតាមរយៈការដាក់បញ្ចូលគ្នាដែលអាចប្រើសេវាប្រចាំថ្ងៃជាច្រើនផ្សេងទៀតនៅក្នុងកម្មវិធីGrab តែមួយ ចាប់ផ្តើមពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី Grab អាចបញ្ជាទិញអាហារតាមសេវាដឹកជញ្ជូនអាហារ GrabFood ពីហាងល្បីៗទាំងក្នុងស្រុក និងអន្តរជាតិចំនួន ៤០០ហាង ហើយនៅថ្ងៃខាងមុខ ក្រុមហ៊ុននេះក៏គ្រោងដាក់បញ្ចូលហាងបន្ថែមទៀត។

នៅក្នុងកម្មវិធីបើកសម្ពោធសេវា GrabFood នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា Grab ក៏បានបង្ហាញមុខទូតសុឆន្ទៈ របស់GrabFood ផងដែរ នោះគឺកញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលជាសិល្បករល្បី និងមានប្រជាប្រិយភាពខ្ពស់មានអ្នកតាមដាន (following) ជាងមួយលាននាក់នៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗផងដែរ៕