(ភ្នំពេញ)៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន FWD Cambodia បានប្រកាសជាផ្លូវការពីភាពជាដៃគូលើប្រព័ន្ធទូទាត់ចំណាយ រវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning ( ERP) របស់ក្រុមហ៊ុន FWD Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព (Secure File Transfer Protocol - sFTP) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ដែលជាផ្នែកមួយនៃ Corporate Connect Solutions ( CCS) របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

ការភ្ជាប់ប្រព័ន្ធទាំងពីរនេះមានគោលបំណងជួយឱ្យការគ្រប់គ្រងទិន្នន័យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយសម្រាលបន្ទុករបស់ក្រុមការងារផងដែរ។ គម្រោងនេះ គឺជាកិច្ចសហការរវាងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន FWD Cambodia ដើម្បីឆ្ពោះទៅរកភាពងាយស្រួលក្នុងការទូទាត់ចំណាយ ដោយប្រើប្រាស់បច្ចេកវិទ្យា ទំនើប។ ការបន្តពង្រឹងទំនើបកម្ម និងបច្ចេកវិទ្យាថ្មីៗរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើរស្របគ្នាទៅនឹងចក្ខុវិស័យ ក្នុងការផ្ដល់បទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រង ជូនដល់អតិថិជន។

លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន FWD Cambodia ដែលបានជ្រើសយកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន FWD Cambodia មកលើធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជឿជាក់យ៉ាងមុតមាំថា អ្នកផ្ដល់សេវាកម្ម និងដៃគូទាំងអស់របស់ FWD Cambodia អាចទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគ្រប់គ្រង ការទូទាត់ចំណាយនេះផងដែរ។

Corporate Connect Solutions នៅដើមឆ្នាំនេះដែលក្នុងនោះរួមមាន៖ Swift FIN/MT101 Swift FileAct និងsFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដារ របស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ដែរថា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាងក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារ បរទេសធំជាងគេបំផុតមួយនៅកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០នាក់ ជាមួយសាខាចំនួន ១៧នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០លាននាក់ក្នុងទីផ្សារចំនួន១០ ដោយក្នុងនោះរួមមាន ៖ ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុនមានបុគ្គលិកសរុបច្រើនជាង ៦,០០០នាក់ ទីប្រឹក្សាធានារ៉ាប់រង ៣៩,០០០នាក់ និងមានទំហំទ្រព្យសកម្មសរុប ៦៣.៧ ប៊ីលានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០២១។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្ម ដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD ចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅខែ កញ្ញា ឆ្នាំ២០២១ ហើយទទួលបានពានរង្វាន់ ជាក្រុមហ៊ុនធានារ៉ាប់រង បែបឌីជីថលថ្មី ដែលមានភាពច្នៃប្រឌិតជាងគេបំផុត ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេសផងដែរ៕