(កូរ៉េ)៖ ខណៈការចូលបំពេញកាតព្វកិច្ចយោធារបស់ក្រុមចម្រៀង BTS កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ នៅពេលនេះ លោក Lee Jong Sup ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ចេញមតិមួយចំនួន ពាក់ព័ន្ធនឹងការទទួលបាន ការលើកលែងពិសេសរបស់ក្រុម BTS ក្នុងការចូលបម្រើយោធា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All K-POP នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

តាមរយៈការឆ្លើយតបទៅនឹងសំណួរមួយចំនួន ពាក់ព័ន្ធការចូលបម្រើយោធារបស់ BTS នៅឯសភាជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ លោក Lee Jong Sup បាននិយាយយ៉ាងដូច្នេះថា«ក្រោយការពិចារណា ក្រសួងការពារជាតិសម្រេចថា ក្រសួងអាចជួយពួកគេក្នុងការហាត់សម និងសម្តែង សម្រាប់ជាផលប្រយោជន៍រួមរបស់ជាតិ ដោយមិនបំពានលើគោលការណ៍ នៃសមភាព និងយុត្តិធម៌ឡើយ»

អាចនិយាយបានថា ក្រសួងនឹងការពារ BTS ឲ្យអនុវត្តឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដោយមិនធ្វើឲ្យប៉ះពាល់ដល់កាតព្វកិច្ចជាតិ ខណៈដែលវានៅតែមិនទាន់ច្បាស់នោះទេថា ក្រុមនេះនឹងទទួលបានការលើកលែងពិសេសឬយ៉ាងណា? បច្ចុប្បន្ន អត្តពលិកដែលឈ្នះមេដាយនៅអូឡាំពិក ឬមេដាយមាសនៅ Asian Games ត្រូវបានលើកលែងពីការចូលបម្រើយោធា។ មានការជជែកដេញដោលគ្នា ជាបន្តបន្ទាប់ថា តើសិល្បករល្បីទូទាំងពិភពលោក ដូចជា BTS ក៏គួរត្រូវបានលើកលែងដែរឬអត់?

គួរជម្រាបថា សមាជិក BTS បានពន្យាពេលចូលបម្រើយោធា ស្របច្បាប់រហូតដល់អាយុ៣០ឆ្នាំ នៅពេលដែលវិសោធនកម្មច្បាប់បម្រើយោធា ត្រូវបានប្រកាសអនុវត្តន៍ កាលពីខែមិថុនាឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ Jin ដែលជាសមាជិកមានវ័យច្រើនជាងគេក្នុងក្រុម BTS ត្រូវតែចុះឈ្មោះនៅដំណាច់ឆ្នាំនេះ ក្រោមច្បាប់យោធាបច្ចុប្បន្ន បើវាអាចកែប្រែ លុះត្រាតែមានវិសោធនកម្មបន្ថែមទៀត៕