(ភ្នំពេញ)៖ សូមចូលរួមអបអរដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ក្លាយជាកីឡាករប្រដាល់គុនខ្មែរដំបូងគេនៅកម្ពុជា ដែលបានគ្រងខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរ និងឈ្នះប្រាក់សុទ្ធរហូត ៤៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក្នុងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលបានបិទបញ្ចប់រដូវកាលទី១ កាលពីយប់ថ្ងៃសោរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

ផល សោភ័ណ្ឌ បានធ្វើដំណើរឆ្លងកាត់ខេត្តក្រុងជាច្រើនទូទាំងប្រទេសកម្ពុជាក្នុងរយៈពេលជាង៣ខែកន្លងមកនេះ និងបានប្រកួតជាមួយកីឡាករជាច្រើនមុនយប់ផ្តាច់ព្រ័ត្រ នៅទឹកដីកំបូលដោយបានផ្តួលដៃគូប្រកួត ឡុង បេនលឿន ឲ្យសន្លប់ក្នុងទឹកទី១ និងក្លាយជាម្ចាស់ជើងឯកដោយស្វ័យប្រវត្តិ។

ក្នុងនោះដែរ កីឡាករ ឡុង បេនលឿន ជាប់ចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់ ២៤ លានរៀល កីឡាករ សោម វិច្ឆ័យ ជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបានទឹកប្រាក់ ៨ លានរៀល កីឡាករ ម៉ន ព្រហ្មម៉ាញ ជាប់ចំណាត់ថ្នាក់លេខ ៤ ទទួលបានទឹកប្រាក់ ៨ លានរៀល រីឯកីឡាករ ៨ រូបទៀតដែលបានចូលរួមព្រឹត្តិការណ៍នេះទទួលបានទឹកប្រាក់លើកទឹកចិត្តម្នាក់ ៤ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សរុបរង្វាន់ទាំងអស់ចំនួន ១២០ លានរៀល។

ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន ក្រោមការឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងគាំទ្រដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺជាព្រឹត្តិការណ៍លំដាប់ប្រទេសដំបូងគេដែលនាំយកខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរមកកម្ពុជា និងផ្តល់ប្រាក់រង្វាន់សម្រាប់កីឡាករច្រើនលើសលប់ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃការផ្តល់រង្វាន់សម្រាប់កីឡាករប្រដាល់គុនខ្មែរ ពិសេសព្រឹត្តិការណ៍នេះបានធ្វើឲ្យក្បាច់គុនខ្មែរកាន់តែល្បីរន្ទឺទាំងក្នុង និងក្រៅស្រុក។

លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងក្នុងវគ្គផ្តាច់ព្រ័ត្រថា ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ពិតជាបានចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ នយោបាយសេដ្ឋកិច្ច ទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ពិសេសកម្មវិធីនេះក៏បានចូលរួមជាមួយផែនការអភិរក្សក្បាច់គុនបុរាណខ្មែរ បង្កើតប្រាក់ចំណូលដល់ក្រុមកីឡាករ និងពង្រឹងសមត្ថភាពរបស់មន្ត្រីបច្ចេកទេសព្រមទាំងកីឡាករ ក្នុងការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមការប្រកួតជាតិ និងអន្តរជាតិ ជាពិសេសប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។

ក្នុងនោះដែរ លោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងដែរថា ភេសជ្ជៈប៉ូវកម្លាំងវើក គាំទ្រការប្រដាល់ក្បាច់គុនខ្មែរ ក៏ដូចជារាល់ការតស៊ូទាំងអស់របស់កីឡាករ។

ដោយមើលឃើញពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ក៏ដូចជាជោគជ័យយ៉ាងធំធេងក្នុងរដូវកាលទី១ លោក បណ្ឌិត អ៊ឹម សុធារិទ្ធ បានបង្ហើបថា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងបន្តនាំយក WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសជាថ្មីម្តងទៀតនារដូវកាលក្រោយនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ពីមួយវគ្គទៅមួយបានផ្តល់ផ្ទាំងទស្សន័យភាពអស្ចារ្យ សប្បាយរីករាយជាខ្លាំងដល់ប្រជាពលរដ្ឋ និងបានទាក់ទាញអ្នកទស្សនាផ្ទាល់ យ៉ាងច្រើនកុះករលើសពីការរំពឹងទុកជាខ្លាំង៕