(ហ្សាកាតា)៖ កាលពីសប្តាហ៍មុន ក្រុមហ៊ុនទូទាត់ប្រាក់ PayPal រួមទាំងគេហទំព័រមួយចំនួនទៀតដែលដំណើរការនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបានរាំងខ្ទប់ ដោយសារតែមិនគោរពតាមច្បាប់អាជ្ញាបណ្ណរបស់ប្រទេសនេះ។ ដោយឡែកព័ត៌មានថ្មីនេះបានឱ្យដឹងថា ឥណ្ឌូនេស៊ីទំនងជាអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់រយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

លោក Semuel Arijani Pangerapan មន្តី្រជាន់ខ្ពស់នៅក្រសួងទំនាក់ទំនងរបស់ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងនៅថ្ងៃអាទិត្យថា រដ្ឋាភិបាលកំពុងបើកការចូលប្រើប្រាស់ជាបណ្តោះអាសន្ននូវក្រុមហ៊ុនទូទាត់ប្រាក់តាមអ៊ីនធឺណិត PayPal ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលប្រើប្រាស់ប្រាក់របស់ពួកគេ បន្ទាប់ពីប្រទេសនេះបានបិទសេវាកម្ម និងហ្គេមអនឡាញមួយចំនួនដែលបានបង្កឱ្យមានការតវ៉ា។ ខណៈការដាក់ឱ្យដំណើរការឡើងវិញនេះគឺមានរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។ តែយ៉ាងណាលោកបានបន្ថែមទៀតថា «សង្ឃឹមថាវាជាពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ដើម្បីធ្វើការផ្លាស់ប្តូរ ហើយទទួលបានប្រាក់របស់ពួកគេ និងស្វែងរកសេវាកម្មផ្សេងទៀត»

គួរបញ្ជាក់ដែរថា ក្រសួងទំនាក់ទំនងឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍កន្លងទៅ បានបិទសេវាកម្មបង់ប្រាក់ PayPal គេហទំព័រ Yahoo និងសេវាកម្មហ្គេមផ្សេងទៀតរួមមាន Steam, Dota និង Counter-Strike ដោយសារតែការខកខានមិនបានបំពេញតាមកាលកំណត់ក្រោមច្បាប់អាជ្ញាបណ្ណដែលតម្រូវឱ្យមានការចុះឈ្មោះមុនកាលកំណត់។ ខណៈដែលមន្ត្រីជាន់ខ្ពស់ខាងលើនេះ ធ្លាប់បានព្រមានរួចទៅហើយ ថាអាជ្ញាធរនឹងបិទគេហទំព័រ ប្រសិនបើពួកគេមិនគោរពតាមច្បាប់ចុះឈ្មោះ ដែលបានដាក់ចេញកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដោយលើកហេតុផលថាវិធានការនេះជាការការពារអ្នកប្រើប្រាស់អ៊ីនធឺណិតឥណ្ឌូនេស៊ី និងប្រព័ន្ធអេកូឌីជីថល៕