(បាសេឡូណា)៖ ក្លិបអេស្ប៉ាញ FC Barcelona បានលក់ភាគហ៊ុនចំនួន ២៥ភាគរយនៅក្នុងស្ទូឌីយោសោតទស្សន៍របស់ខ្លួន ឲ្យទៅក្រុមហ៊ុននិមិត្តសញ្ញាឌីជីថល Socios.com ក្នុងតម្លៃ ១០០លានអឺរ៉ូ (១០២លានដុល្លារ)។ នេះបើតាមសម្តីប្រធានក្លិប លោក Joan Laporta បានលើកឡើងនាថ្ងៃចន្ទនេះ ស្របពេលដែលក្លិបខ្នាតយក្សលេងនៅលីគ La Liga នេះកំពុងខិតខំប្រឹងប្រែងស្វែងរកចំណូល ដើម្បីទិញកីឡាករថ្មីផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

Barca បានប្រើប្រាស់យន្តការមួយចំនួន ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន ដើម្បីទូទាត់ការខាតបង់ ការកាត់បន្ថយបំណុល និងដើម្បីបំពេញច្បាប់ផ្នែកហិរញ្ញវត្ថុរបស់លីគ La Liga ទៀតដែរ។

ក្រុមហ៊ុន Socios.com នឹងគាំទ្រ Barca ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនការតភ្ជាប់ឌីជីថលថ្មីមួយ ជាមួយនឹងមូលដ្ឋានអ្នកគាំទ្រទូទាំងពិភពលោករបស់ខ្លួនចំនួន ៤០០លាននាក់។

កិច្ចព្រមព្រៀងលក់នេះបានធ្វើឡើង បន្ទាប់ពីក្លិបដោយកាលពីខែមុន បានលក់ភាគហ៊ុនចំនួន ១៥ភាគរយបន្ថែមទៀតក្នុងសិទ្ធិទូរទស្សន៍ La Liga TV របស់ខ្លួន ឲ្យទៅឲ្យក្រុមហ៊ុនវិនិយោគឯកជនអាមេរិក Sixth Street នាំឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Sixth Street កើនដល់ ២៥ភាគរយផងដែរ៕