(ឡុងដ៍)៖ អតីតម្ចាស់ជើងឯក ២រដូវកាលនៃព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក Formula One កីឡាករ Fernando Alonso នឹងបើកឲ្យក្រុម Aston Martin ចាប់ពីឆ្នាំ២០២៣ ខាងមុខតទៅ បន្ទាប់ពីកីឡាករវ័យ ៤១ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេលវែងរួចមក។ នេះបើយោងតាមការប្រកាសពីក្រុម ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

កីឡាករសញ្ជាតិអេស្ប៉ាញ Alonso បានចូលរួមជាមួយក្រុម Aston Martin ដោយផ្លាស់មកពីក្រុម Alpine ដើម្បីជំនួសម្ចាស់ពានរង្វាន់ជើងឯកពិភពលោក ៤រដូវកាលសញ្ជាតិអាល្លឺម៉ង់ Sebastian Vettel វ័យ ៣៥ឆ្នាំ ដែលកាលពីសប្តាហ៍មុនបានប្រកាសពីការចូលនិវត្តន៍របស់លោកនៅពេលចប់រដូវកាលនេះ។

ក្រុម Alpine ស្ថិតនៅលំដាប់ទី៤ ក្នុងចំណោម ១០ក្រុមដែលដណ្តើមពានរង្វាន់ជើងឯកពិភពលោក F1 នេះ ខណៈក្រុម Aston Martin ស្ថិតនៅចំណាត់ថ្នាក់ទី៩។

មហាសេដ្ឋីសញ្ជាតិកាណាដា Lawrence Stroll ដែលកូនប្រុសរបស់លោក ឈ្មោះ Lance ក៏ជាកីឡាករបើកឲ្យក្រុម Aston Martin ផងដែរនោះ បានវិនិយោគយ៉ាងច្រើនចំពោះក្រុម ជាមួយនឹងរោងចក្រថ្មីកំពុងត្រូវបានបង្កើតឡើង ហើយបុគ្គលិកត្រូវបានជ្រើសរើសពីបណ្តាក្រុមហ៊ុនប្រកួតប្រជែងនានា៕