(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់បន្ទះអេក្រង់ OLED កម្រិតផ្សេងគ្នារវាង iPhone 14 និង iPhone 14 Pro ដោយធ្វើឱ្យម៉ូដែលទាំងពីរខុសគ្នាបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

ជាមួយគ្នានេះក្រុមហ៊ុន Samsung Display ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ Apple ត្រូវបានគេឱ្យដឹងថា នឹងប្រើប្រាស់សំណុំសម្ភារៈទំនើបៗជាងមុនសម្រាប់ម៉ូដែល iPhone 14 Pro ខណៈ iPhone 14 បន្តប្រើប្រាស់សំណុំសម្ភារៈជំនាន់ចាស់ និងមានកម្រិតទាប នេះបើតាមរបាយការណ៍ពី The Elec។ លើសពីនេះទៅទៀត Samsung គ្រោងនឹងប្រើប្រាស់ M12 សម្រាប់ iPhone 14 Pro និង iPhone 14 Pro Max ជាសំណុំ OLED ដូចគ្នា ប្រើនៅលើស្មាតហ្វូនអេក្រង់បត់របស់ Samsung នាពេលខាងមុខផងដែរ។

ដោយឡែកក្នុងនោះក្រុមហ៊ុន Samsung នឹងដាក់ឱ្យប្រើប្រាស់សំណុំសម្ភារៈ M11 សម្រាប់ iPhone 14 ទំហំ ៦.១អ៊ីញ និង iPhone 14 Max ទំហំ ៦.៧អ៊ីញ រួមជាមួយនឹងមុខងារអេក្រង់ LTPS backplanes ចំណែកឯ iPhone iPhone 14 Pro និង iPhone 14 Pro Max នឹងត្រូវបានប្រើប្រាស់ LTPO backplane ជំនួសវិញ ដើម្បីអាចបើកមុខងារ Promotion បាន។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Samsung នឹងក្លាយជាអ្នកផ្គត់ផ្គត់បន្ទះអេក្រង់សម្រាប់ iPhone 14 ទាំងបួនម៉ូដែល ហើយវាត្រូវបានគេរាយការណ៍ថា បានទទួលការបញ្ជាទិញរហូតដល់ទៅ ៨០លានបន្ទះអេក្រង់ពី Apple ឯណោះ៕