(ហុងកុង)៖ អ្នករាំទាំង២៣ នាក់ដែលបានចូលរួមក្នុងការប្រគំតន្ត្រីរបស់ Mirror បានដាស់តឿនសាធារណជន កុំបន្ទោសក្រុមចម្រៀងប្រុសហុងកុងដ៏ពេញនិយមមួយនេះ បន្ទាប់ពីអ្នករាំម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារធ្លាក់ផ្ទាំង LED សង្កត់ពីលើ អំឡុងពេលសម្តែងលើឆាកកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយដារព័ត៌មាន Straits Times នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

រំឭកទៅកាលពីសប្តាហ៍មុន អ្នករាំចំនួន៣នាក់បានរងរបួស ដោយសារផ្ទាំង LED សង្កត់ពីលើពេលកំពុងសម្តែង រួមទាំង Ah Mo និង Lee Kai Yin អាយុ២៧ ឆ្នាំ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ឪពុកម្តាយរបស់គេ បានធ្វើដំណើរពីប្រទេសកាណាដា ទៅកាន់ទីក្រុងហុងកុង ដើម្បីមើលកូនប្រុសនៅមន្ទីរពេទ្យក្រោយដឹងហេតុការណ៍នេះ។

ទន្ទឹមគ្នានេះ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ ធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ អ្នករាំទាំង២៣នាក់បានសរសេរថា «សមាជិកទាំង១២នាក់នៃ Mirror បានប្រឹងប្រែងជាមួយពួកយើង ហើយបច្ចុប្បន្នពួកយើងកំពុងឆ្លងកាត់ពេលវេលា ដ៏លំបាកនេះជាមួយគ្នា។ សូមកុំបន្ទោសអ្នកសម្ដែងណាមួយនៅការប្រគំតន្ត្រី»។ ចេញសេចក្តីថ្លែងការណ៍នៅពេលនេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមមួយចំនួន បានស្តីបន្ទោសសមាជិកនៃក្រុមនេះ ឈ្មោះ Anson Lo ដែលនៅតែបន្តច្រៀង ទោះមានហេតុការធ្លាក់ផ្ទាំង LED ក៏ដោយ ខណៈ Anson Lo ហាក់មិនដឹងថា មានហេតុការណ៍អ្វីកើតឡើងទេ។

អ្នករាំទាំង២៣នាក់នោះ បាននិយាយបន្ថែមថា ពួកគេនឹងមិនទទួលយកការសម្ភាសន៍ពីប្រព័ន្ធផ្សព្វផ្សាយណាមួយ ឬធ្វើអត្ថាធិប្បាយបន្ថែម មុនពេលបញ្ចប់ការស៊ើបអង្កេតដោយអាជ្ញាធរនោះទេ។

គួរជម្រាបថា ហេតុការណ៍ធ្លាក់ផ្ទាំង LED ពេលកំពុងសម្តែងនៅក្នុងការប្រគំតន្រ្តីមួយនៅហុងកុង ដែលបណ្តាលឲ្យសង្កត់អ្នករាំ រងរបួសមានធ្ងន់មានស្រាលនោះ គឺបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម ត្បិតថាវាជារឿងកម្រនឹងកើតឡើងទាល់តែសោះ ចំពោះការប្រគំតន្ត្រីធំៗ ហើយនេះក៏ជាមេរៀនមួយ ដើម្បីឲ្យមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យឲ្យបានល្អិតល្អន់ផងដែរ៕