(ឡុងដ៏)៖ ក្លិបស្ថិតក្នុងលីគអង់គ្លេស Newcastle United បានចាប់ផ្តើមចូលពិភាក្សាដេញថ្លៃជាលើកទី២ ចំពោះការនាំយកខ្សែបម្រើ James Maddison របស់ក្លិប Leicester City បន្ទាប់ពីគ្រូបង្វឹកលោក Brendan Rodgers ធ្លាប់បានលើកឡើងថា កីឡាកររូបនេះមិនមែនសម្រាប់លក់នោះទេ។

ដំបូងឡើយក្លិបសារិកាព្រៃបានដាក់សំណើប្រមាណ ៤០លានផោន តែត្រូវបានបដិសេធដោយ Leicester ខណៈបច្ចុប្បន្នការដេញថ្លៃលើកទី២ ត្រូវបានគេយល់ថា អាចមានដល់ទៅ៥០លានផោន ដែលលោក Eddie Howe កំពុងស្វែងរកជម្រើសវាយប្រហារបន្ថែមលើទីលានប្រកួត បន្ទាប់ពីខកខានក្នុងការចាប់យក Hugo Ekitike ដែលសម្រេចផ្ទេរទៅ Paris St. Germain ពីក្លិប Reims។

Maddison វ័យ ២៥ឆ្នាំសញ្ជាតិអង់គ្លេស នៅសល់កិច្ចសន្យា ២ឆ្នាំទៀតជាមួយក្លិបកញ្ជ្រោងខៀវ ដ្បិតនេះមិនទាន់ច្បាស់ថា តើអតីតខ្សែបម្រើក្លិប Coventry ដែលបានផ្ទេរទៅកាន់ Leicester ពីក្លិប Norwich City ក្នុងតម្លៃ ២០លានផោន កាលឆ្នាំ២០១៨ នោះ អាចនឹងពេញចិត្តចាកចេញទៅកាន់នោះទេ៕