(បាត់ដំបង)៖ ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមថែរក្សាពូជត្រី ឱ្យមាននៅក្នុងទឹក បង្កើនផលត្រីក្នុងធម្មជាតិផង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ «មីជាតិ» បានសហការជាមួយ មន្ទីរកសិកម្ម និងរដ្ឋបាល ស្រុកគាស់ក្រឡ រៀបចំពិធីអបអរសាទរ ទិវាមច្ឆជាតិ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ), លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង, លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ និងខណ្ឌរដ្ឋបាលជលផលខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិកមីជាតិ និងប្រជាពលរដ្ឋជាង១០០នាក់ ដែលប្រព្រឹត្តទៅនៅ បឹងជម្រកត្រីសហគមន៍ សម្តេចក្រឡាហោម ភូមិបឹងព្រះ ឃុំព្រះផុស។

ថ្លែងក្នុងពិធីនោះ លោក សោមនស្ស វិបុល បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ មីជាតិ ផ្តល់មច្ឆជាតិរក្សា និរន្តរភាពធម្មជាតិ នាពេលនេះគឺធ្វើឡើង ក្នុងអត្ថន័យ នៃការអបអរសាទរទិវាមច្ឆជាតិ និងជាមួយវត្ថុបំណង ដើម្បីបំផុសស្មារតី ចូលរួមក្នុងការអភិវឌ្ឍ និងអភិរក្ស ថែរក្សាពូជត្រី ក៏ដូចជាវារីជាតិផ្សេងៗទៀត ឲ្យបានគង់វង្សធានានិរន្តរភាពធនធានជលផល និងដើម្បីបំពេញបន្ថែម ឱ្យបឹងជម្រកត្រីសហគមន៍ សម្បូរមច្ឆជាតិសម្រាប់ជាប្រភពមេពូជ នាថ្ងៃអនាគត និងបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ទន្ទឹមនឹងនេះដែរ លោកប្រធានជាន់ខ្ពស់ ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមចំណែកគ្នាចូលរួមថែរក្សា ការពារធនធានមច្ឆជាតិ ដោយមិនត្រូវប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឲ្យបាត់បង់ពូជត្រី និងលើកទឹកចិត្តឱ្យមានការបង្កើត ជាសហគមន៍ស្រះជម្រកត្រី ដើម្បីចូលរួមថែរក្សា អភិរក្សពូជត្រី សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ។

លោក ឈឹម វជិរា បានលើកឡើងថា ដើម្បីចូលរួមរក្សា ឱ្យបានធនធានមច្ឆជាតិ កាន់តែសំបូរបែបថែមទៀត ក៏សូមមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមសហការគ្នាខិតខំស្តារទំនប់បឹង បន្ថែមទៀតឲ្យបានច្រើន និងគ្រប់ទីកន្លែង ជាពិសេស ត្រូវបន្តស្វែងរក វិស័យឯកជន ក៏ដូចជាដៃគូអភិវឌ្ឍនានា ក្នុងការចូលរួមព្រលែងពូជត្រីឲ្យបានញឹកញាប់ នៅតាមបឹងធម្មជាតិ តួយ៉ាងដូចកិច្ចការដែលយើងកំពុងធ្វើជាមួយ ក្រុមហ៊ុន មីជាតិស្រាប់នាពេលនេះ។

ម្យ៉ាងទៀត លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានខិតខំរក្សាផ្ទៃបឹងនេះ និងរបង ដែលក្រុមហ៊ុន ទើបផ្តល់ជូន ចៀសវាងការរំលោភបំពាន កាន់កាប់ពីប្រជាពលរដ្ឋ នៅជុំវិញបរិវេណបឹង ព្រោះបឹងទាំងនេះ ជាសម្បត្តិ សាធារណៈរបស់រដ្ឋ ដែលបម្រើផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋជារួម។

លោក ញឹក សារ៉ែន បានសម្តែងការកោតសសើរនូវទឹកចិត្ត និងគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនមីជាតិ ដែលលះបង់ធនធានពីប្រាក់ចំណេញរបស់ខ្លួន ក្នុងការលែងកូនត្រីពូជ និងធ្វើរបងខាងមុខបឹង ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ ឆ្នាំ២០២២។

លោកបានបន្តទៀតថា ការចូលរួមរបស់មីជាតិ នេះជាឆន្ទះដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជន ចូលរួមគាំទ្រដោយផ្ទាល់ តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហគមន៍។

គួសបញ្ជាក់ថា ជាមួយគម្រោង «មីជាតិ ផ្តល់មច្ឆជាតិ រក្សានិរន្តរភាពធម្មជាតិ» ក្នុងឱកាសអបអរសាទរ ទិវាមច្ឆជាតិ ឆ្នាំ២០២២ ក្រុមហ៊ុនមីជាតិ បាននាំមកនូវត្រីឆ្ពិន, ត្រីទីឡាព្យា, ត្រីប្រា, ត្រីរ៉ស់ និងអន្ទង់ចំនួន ១០០០០ក្បាល មកលែង ក្នុងបឹងជម្រកត្រីសហគមន៍ សម្តេចក្រឡាហោម និងបន្ថែមពីនេះ ដោយមើលឃើញពីតម្រូវ ការចាំបាច់ របស់សហគមន៍ មីជាតិ បានបំពេញបន្ថែមនូវសំណើរ ក្នុងការឧបត្ថម្ភ របងខាងមុខបឹង ដើម្បីរក្សាការពារ ពីការទន្ទ្រាន របស់សត្វពាហនៈ៕