(កណ្ដាល)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរ ដែលជាមជ្ឈមណ្ឌលតែមួយគត់នៅក្រុងតាខ្មៅ ដែលបណ្ដុះបណ្ដាលនារីខ្មែរដោយមិនគិតកម្រៃ ហើយថែមទាំងប្រគល់វិញ្ញាបនបត្រជូនដោយមិនគិតថ្លៃសេវាទាំងអស់ ដែលនេះជាការចូលរួមជួយជ្រោមជ្រែងកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ខណ:ដែលស្ត្រីខ្មែរជាង៥ពាន់នាក់មកហើយ បានទទួលនូវចំណេះជំនាញនេះយកទៅប្រកបមុខរបរចិញ្ចឹមជីវិត។

ស្ថិតនៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលទើបនឹងបញ្ចប់ការសិក្សាជិត២០០នាក់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដែលកម្មវិធីប្រគល់នេះ មានវត្តមានចូលផងដែរពីសំណាក់លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ,លោក ឌុល គោ ជាមេភូមិតាខ្មៅ៣ ដែលវត្តមាននេះ ជាការលើកកិត្តិយស និងផ្ដល់នូវកម្លាំងចិត្តចំពោះម្ចាស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តជួយដល់ស្ត្រី្មខ្មែរឲ្យមានចំណេះជំនាញ ផ្នែកសាឡន សំរាប់ប្រកបរបរចិញ្ចឹមជីវិតដោយមិនគិតថ្លៃឡើយ។

ស្ថិតក្នុងឱកាសនេះ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បានកោតសរសើរចំពោះទឹកចិត្តដ៏ល្អរបស់ម្ចាស់មជ្ឈមណ្ឌលដែលមានទឹកចិត្តល្អបង្រៀនដល់នារីខ្មែររាប់រយនាក់ ឲ្យទទួលបានចំណេះជំនាញផ្នែកសាឡន (សំអាងការ) ដោយបង្រៀនពុំគិតថ្លៃ ហើយថែមទាំងប្រគល់វិញ្ញាបនបត្រជូនដោយមិនគិតថ្លៃថែមទៀតផង។

ជាមួយគ្នានេះ លោក ម៉ៅ មីន អគ្គនាយកក្រុមហ៊ុនស្នាដៃនារីខ្មែរត្រេឌីង និងលោកស្រី ហង់ វុត្ថា ជាអគ្គនាយិកា និងជាប្រធានគ្រប់គ្រងផ្នែកបច្ចេកទេស បានថ្លែងថា ទាំងនេះជាទឹកចិត្តស្រលាញ់ដល់់កូនខ្មែរហើយចង់ឲ្យកូនខ្មែរ ពិសេសនារីខ្មែរត្រូវមានចំណេះជំនាញច្បាស់់លាស់មួយពិតប្រាក ដើម្បីបើកមុខរបរអាជីវកម្មដោយខ្លួនឯង ពុំចាំបាច់ចំណាកស្រុកទៅក្រៅប្រទេសដែលអាចប្រឈមនឹងហានិភ័យណាមួយកើតឡើងជាយថាហេតុ ដែលទាំងនេះ ជាការជួយជ្រោមជ្រែងនិងជួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកអគ្គនាយក និងលោកស្រីអគ្គនាយិកា បានអរគុណរាជរដ្ឋាភិបាកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព មានការរីកចំរើន ការរីកលូតលាស់ទៅមុខជាលំដាប់ ដែលញ៉ំាងឲ្យសេដ្ឋកិច្ចមានការរីកលូតលាស់ល្អ ហើយប្រជាពលរដ្ឋសំបូរការរៀបចំកម្មវិធីជាច្រើនដែលមិនអាចខ្វះបាននូវអ្នកជំនាញផ្នែកសំអាងការ តុបតែងកាយ ផាត់មុខជាដើម ខណ:ដែលជំនាញមួយនេះ ត្រូវចំណាយថវិការច្រើនក្នុងការសិក្សា ប៉ុន្តែដោយសារកត្តាជីវភាព របស់ពលរដ្ឋខ្មែរយើងមានកម្រិត ដូច្នះពួកយើងក៍សម្រេចចិត្តជួយដល់ស្ត្រីខ្មែរទាំងអស់ដែលស្រលាញ់ជំនាញមួយនេះ មកសិក្សាដោយឥតគិតថ្លៃ និងនៅតែបន្តផ្ដល់នូវការបង្រៀនដល់ស្ត្រីខ្មែរផ្សេងៗទៀត ដែលមានបំណងមកចង់សិក្សាលើជំនាញនេះ។

គួរជម្រាបថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្នាដៃនារីខ្មែរសាឡន បានបើកបង្រៀនដល់កូនខ្មែរលើជំនាញមួយនេះរយ:ពេលជាង៦ឆ្នាំមកហើយ ដែលទទួលបានការសាទរយ៉ាងច្រើនអនេកពីសំណាក់ស្ត្រីខ្មែរជាង៥ពាន់នាក់ ហើយមកសិក្សាលើជំនាញនេះដោយឥតគិតថ្លៃ និងនៅតែមានស្ត្រីខ្មែរ និងបងប្អូនភេទទី៣បន្តមកចុះឈ្មោះចូលរៀនលើជំនាញនេះជាបន្តបន្ទាប់ស្ទើរជារៀងថ្ងៃ៕