(អាមេរិក)៖ ការសិក្សាពីក្រុមហ៊ុនចក្រភពអង់គ្លេស Yard បានដាក់ចំណាត់ថ្នាក់យន្តហោះរបស់ Taylor Swift ថា ជាអ្នកប្រព្រឹត្តិល្មើសចំពោះបរិស្ថានដ៏អាក្រក់បំផុត រហូតមកដល់ឆ្នាំ២០២២នេះ បន្ទាប់ពីស្រាវជ្រាវឃើញថា យន្តហោះឯកជនរបស់នាង បានហោះហើរចំនួន១៧០លើក ចាប់តាំងពីខែមករាមក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Daily Mail។

ការសិក្សាដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយក្រុមហ៊ុនទីផ្សារឌីជីថលរបស់ចក្រភពអង់គ្លេស Yard គឺផ្អែកលើការវិភាគលើជើងហោះហើរយន្តហោះឯកជន ដែលតាមដានដោយកម្មវិធី តាមដានការហោះហើរស្វ័យប្រវត្តិ Celebrity Jets ហើយបានរកឃើញថា យន្តហោះរបស់ Taylor Swift បានកត់ត្រាការបំភាយឧស្ម័នច្រើនបំផុត។

របាយការណ៍នេះបានកើតឡើង បន្ទាប់ពីអ្នកលេងបណ្តាញសង្គម បានកត់សម្គាល់ថា តារាល្បីម្នាក់ទៀតគឺ Kylie Jenner ត្រូវបានគេដាក់ឈ្មោះថាជា «ឧក្រិដ្ឋជនអាកាសធាតុ» កាលពីដើមខែនេះ បន្ទាប់ពីឃើញរូបភាពរបស់នាង និង Travis Scott ហោះហើរកាលពីដើមខែនេះ ទោះក្នុងរយៈចម្ងាយជិតក៏ដោយ។ ប៉ុន្តែទោះបីជាមានការរិះគន់ចំពោះការប្រើប្រាស់យន្តហោះរយៈពេល ១២នាទី ជំនួសឲ្យការបើកបរចម្ងាយ ២៦ម៉ាយ របស់ Jenner ក៏ដោយ ក៏នាងមិនស្ថិតក្នុងបញ្ជីឈ្មោះតារាល្បីបំផុតទាំង១០ ដែលបំពុលបរិស្ថាន ចេញដោយក្រុមហ៊ុន Yard ទេ ពោលគឺជាប់លេខទាបបំផុត (១៩)។

Swift តាមរយៈអ្នកតំណាងម្នាក់របស់ខ្លួន បានឆ្លើយតបទៅនឹងបាយការណ៍ខាងលើ បន្ទាប់ពីប្រឈមមុខនឹងប្រតិកម្មតបតាមអ៊ីនធឺណិតពីអ្នកគាំទ្រ ដោយនិយាយថា ជារឿយៗនាងអនុញ្ញាតឲ្យអ្នកដទៃយកយន្តហោះ Falcon 7X របស់នាងជិះជុំវិញពិភពលោក។ អ្នកតំណាងរបស់ Swift បានប្រាប់ Rolling Stone ថា យន្តហោះរបស់ Taylor ត្រូវបានខ្ចីជាទៀងទាត់ទៅបុគ្គលផ្សេងទៀត ហើយការសន្មត់ថា ការធ្វើដំណើរទាំងនេះភាគច្រើន ឬទាំងអស់ ជាការធ្វើដំណើររបស់នាង គឺមិនត្រឹមត្រូវទាំងស្រុងទេ។

គួរជម្រាបថា នៅក្នុងចំណាត់ថ្នាក់ការបំពុលថ្មី យន្តហោះរបស់ Swift បានស្ថិតនៅចំណាត់ថ្នាក់កំពូល ដែលបំភាសឧស្ម័នកាបូនិកទៅបរិយាកាសច្រើនជាងគេ។ តារាល្បីៗផ្សេងទៀត ជាប់ក្នុងកំពូលតារាងទាំង១០ រួមមាន Jay Z, តារាចម្រៀងប្រចាំប្រទេស Blake Shelton, អ្នកដឹកនាំរឿង Steven Spielberg, Kim Kardashian, Mark Wahlberg និង Oprah Winfrey៕