(បរទេស)៖ បច្ចុប្បន្នបើសិនជានិយាយដល់ឈ្មោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla នោះគេបានត្រឹមស្គាល់ថា វាជារបស់លោក Elon Musk ប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនមួយនេះ ត្រូវបានបង្កើតឡើងដំបូងដោយស្ថាបនិកចំនួនពីររូបគឺ លោក Martin Eberhard និង Marc Tarpenning។

ក្នុងចំណោមស្ថាបនិកទាំងពីររូបនេះ គឺលោក Martin Eberhard បានជួបនូវរឿងរ៉ាវអាក្រក់ និងឈឺចាប់ជាងគេបំផុត រហូតដល់ថ្នាក់ត្រូវដើរចេញពីក្រុមហ៊ុនដែលខ្លួនឯងបានបង្កើតឡើងទាំងទឹកភ្នែក។

តើរឿងរ៉ាវនោះវាយ៉ាងណាសូមបន្តតាមដានជាមួយ Fresh News Plus ដូចខាងក្រោម៖

Eberhard ជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ និងចូលចិត្តរថយន្តទំនើប ជាពិសេសគឺរថយន្ត Sports ហើយគាត់បានកើតក្ដីបារម្ភមួយថា នៅថ្ងៃអនាគត រថយន្តដែលប្រើប្រាស់ប្រេងសាំងនឹងជួបបញ្ហា ខណៈដែលពិភពលោកកំពុងតែបង្ហាញក្ដីបារម្ភពីផលប៉ះពាល់ដល់បរិស្ថានជុំវិញការបញ្ចេញឧស្ម័នពុល។ ដើម្បីដោះស្រាយបញ្ហានេះ លោក Eberhard ក៏បាននឹកឃើញថា បើសិនជាអនាគត គ្រប់គ្នាប្ដូរមកប្រើប្រាស់រថយន្តអគ្គិសនី នោះការបំពុលបរិស្ថាននឹងត្រូវកាត់បន្ថយ ដូច្នេះលោកក៏បានចំណាយប្រាក់ផ្ទាល់ខ្លូនទិញយករូបមន្តដើមនៃការផលិតរថយន្តអគ្គិសនីពីក្រុមហ៊ុនមួយដែលមានឈ្មោះថា AC Propulsion tzero។

Eberhard បានព្យាយាមជំរុញលោក Alan Cocconi ដែលជាស្ថាបនិកក្រុមហ៊ុន AC Propulsion ឱ្យចូលរួមបង្កើតរថយន្តអគ្គិសនីឡើង ប៉ុន្តែត្រូវបានលោក Alan Cocconi បដិសេធ ហើយជាចុងក្រោយលោក Eberhard ក៏បានបង្កើតក្រុមហ៊ុន Tesla Motors ឡើងជាមួយនឹងមិត្តភ័ក្តិម្នាក់ទៀតគឺលោក Marc Tarpenning នៅឆ្នាំ២០០៣ ដោយមានលោក Eberhard ជានាយកប្រតិបត្តិ (CEO) ចំណែកលោក Marc Tarpenning ជាប្រធានផ្នែកហិរញ្ញវត្ថុ និងអនុប្រធានផ្នែកវិស្វកម្ម។

ពេលដំណើរការក្រុមហ៊ុនបានប៉ុន្មានខែ ក៏មានបុគ្គលិកថ្មីចូលបម្រើការងារគឺលោក Ian Wright ហើយនៅដើមឆ្នាំ២០០៤ ក្រុមហ៊ុនមួយនេះ រៃអង្គាសប្រាក់បានប្រាក់ប្រមាណ ៧.៥លានដុល្លារអាមេរិក ដោយក្នុងនោះមាន ៦.៥លានដុល្លារអាមេរិកគឺបានមកពីលោក Elon Musk ហើយនៅខែឧសភា លោក J. B. Straubel ក៏បានចូលរួមជាមួយនឹងក្រុមហ៊ុន Tesla ដោយទទួលបន្ទុកជាប្រធានផ្នែកបច្ចេកវិទ្យា។

ត្បិតតែក្រុមហ៊ុនមួយនេះបានចាប់ផ្ដើមមានដើមទុនសម្រាប់ដំណើរការអាជីវកម្មក្ដី ប៉ុន្តែបញ្ហាផ្ទៃក្នុងក៏បានចាប់ផ្ដើមមានឡើងដែរ ដោយលោក Elon Musk មិនទុកចិត្តការដឹកនាំរបស់លោក Eberhard ដោយបារម្ភពីជោគវាសនារបស់ក្រុមហ៊ុននាពេលអនាគត និងមានបំណងចង់ដឹកនាំក្រុមហ៊ុន Tesla ដោយខ្លួនឯង។ រហូតដល់ចុងឆ្នាំ ២០០៩ លោក Eberhard បានដាក់ពាក្យប្ដឹងលោក Musk ពីបទបង្កាច់បង្ខូច និងបរិហារកេរ្តិ៍ ប៉ុន្តែបណ្ដឹងមួយនេះបានស្ងប់ស្ងាតទៅវិញ ក្រោមការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ហើយស្របពេលជាមួយគ្នានោះផងដែរ ក្រុមហ៊ុន Tesla បានប្រកាសជាសាធារណៈ និងផ្លូវការ ដោយហៅមនុស្សទាំង ៥នាក់ មានលោក Eberhard, Tarpenning, Wright, Musk និង Straubel ជាសហស្ថាបនិក ( co-founder)។

បន្ទាប់ពីរឿងរ៉ាវនេះបានបញ្ចប់ លោក Eberhard បានសម្រេចចិត្តដើរចេញពីក្រុមហ៊ុន Tesla និងបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនថ្មីគឺ Volkswagen។

លោក Eberhard បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា លោកពិតជាសោកស្ដាយ និងអន់ចិត្តខ្លាំងបំផុតនៅចំពោះរឿងរ៉ាវដែលកើតមានកន្លងមក (ជម្លោះរវាងលោក និង Musk)។ លោកបានបញ្ជាក់ទៀតថា ក្រោយពីដើរចេញពី Tesla លោកបានបាត់បង់អ្វីគ្រប់យ៉ាង ការងារ លុយកាក និងមិត្តភាព...។

នៅឆ្នាំ២០១៦ លោក Eberhard បានចាប់ផ្ដើមប្រឡូកនៅវិស័យចាស់វិញ ដោយបានបង្កើតក្រុមហ៊ុនថ្មីមួយមានឈ្មោះថា inEVit ដែលជាក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី និងជាកន្លែងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើស្ថាបត្យកម្មតួរថយន្តអគ្គិសនី ដើម្បីបង្កើតស្ដង់ដាបច្ចេកទេសមួយសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។

នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Seres បានទិញយកក្រុមហ៊ុន inEVit មកធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន ហើយលោក Eberhard ក៏បានចាកចេញពីក្រុមហ៊ុនមួយនេះផងដែរ ប៉ុន្តែលោកមិនបានទៅណាឆ្ងាយពីឧស្សាហកម្មរថយន្តអគ្គិសនីឡើយ ដោយលោកបានបង្កើតក្រុមហ៊ុនថ្មីដែលមានឈ្មោះថា Tiveni ដែលជាក្រុមហ៊ុនមួយផលិតនូវបច្ចេកវិទ្យា និងប្រព័ន្ធឆ្លាតវៃសម្រាប់អាគុយរថយន្តអគ្គិសនី។

បើទោះបីជាលោក Eberhard បានដើរចេញពីក្រុមហ៊ុន Tesla ក្ដី ប៉ុន្តែលោកបានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយថា លោកក៏នៅតែជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា លោកកាន់កាប់ចំណែកភាគហ៊ុនចំនួនប៉ុន្មាននោះទេ ខណៈដែលគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២២នេះ លោកមានទ្រព្យសម្បត្តិសរុបចំនួនប្រមាណ ៥០០លានដុល្លារអាមេរិក៕