(ឡុងដ៏)៖ អស់រយៈពេល ៦រដូវកាលមកហើយ អាវលេខ២៦ របស់ក្លិបតោខៀវ Chelsea បានសម្រេចផ្តល់ឲ្យខ្សែការពារ Kalidou Koulibaly ដែលជាសមាជិកថ្មី បន្ទាប់ពីធ្លាប់ប្រើប្រាស់ដោយអតីតខ្សែការពារឆ្នើម John Terry អំឡុងរដូវកាលឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ ស្ថិតក្នុងលីគអង់គ្លេស Premier League។

បុរសសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly បានផ្ទេរមកកាន់ Chelsea ពីក្លិប Napoli របស់លីគអ៉ីតាលី ក្នុងកិច្ចសន្យាលេងរយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន Stamford Bridge។

ខ្សែការពារវ័យ ៣១ឆ្នាំ Koulibaly បានបង្ហាញអារម្មណ៍ថា «ពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលក្លាយសមាជិកក្រុមនៃក្លិប Chelsea។ វាជាក្រុមដ៏ធំមួយក្នុងពិភពលោក ហើយនេះជាក្តីស្រសុបិនរបស់ខ្ញុំតែងតែចង់លេងនៅ Premier League»

គួររំលឹកផងថា សម្រាប់លេខ២៦ របស់ Chelsea ដែលបានផ្តល់ឲ្យ Koulibaly ពីមុនឡើងបានប្រើប្រាស់ដោយលោក John Terry, Laurent Charvet, Neil Clement, Michael Duderry, Andy Dow ដែលសុទ្ធសឹងជាកីឡាករឆ្នើមរបស់តោខៀវ។

ការប្រជែង ៣ពិន្ទុដំបូងរបស់ Chelsea រដូវកាលថ្មី ២០២២-២៣ ត្រូវប៉ះក្លិប Everton នៅចុងសប្តាហ៍នេះ ដ្បិតរដូវកាលមុនបញ្ចប់ត្រឹមលេខ៣ និងរកបាន ៧៤ពិន្ទុ ខណៈ Koulibaly លេងបាន ៣១៧ប្រកួត និងរកបាន ១៤គ្រាប់ក្នុង ៨រដូវកាលជាមួយ Napoli នៃលីគអ៉ីតាលី៕