(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡានគរបាលជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ដោយនាំមកជាមួយនូវមេដាយសរុប ៣៣គ្រឿងជូនជាតិ និងអង្គភាព ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ “The 19th World Police and Fire Games 2022” នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។

ព្រឹត្តិការណ៍កីឡាក្របខណ្ឌនគរបាលជាតិពិភបលោកនេះ បានដំណើរការប្រកួតពីថ្ងៃទី២២-៣១ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានប្រតិភូ និងអត្តពលិកប្រមាណជាង ៧០ប្រទេសចូលរួម ក្នុងនោះអង្គភាពកីឡានគរបាលជាតិកម្ពុជា បានចម្រាញ់កីឡាករ-កីឡាការិនីមានសមត្ថភាពខ្ពស់ចំនួន ៦ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាតេក្វាន់ដូ WT, វាយសី, វាយកូនឃ្លីលើតុ, ចំបាប់, កីឡាយូដូ, និងកីឡាការ៉ាតេ។

សរុបមកក្រុមកម្ពុជា ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង ក្នុងនោះមាន៖
*ទី១៖ ជូជីតស៊ូ ឈ្នះមេដាយមាស ១, ប្រាក់ ៣, សំរឹទ្ធ ១។
*ទី២៖ ចំបាប់ ឈ្នះមេដាយមាស ៣, ប្រាក់ ១, សំរឹទ្ធ ២។
*ទី៣៖ យូដូ ឈ្នះមេដាយសំរឹទ្ធ ៣។
*ទី៤៖ វាយកូនឃ្លីលើតុ ឈ្នះមេដាយសំរឹទ្ធ ១។
*ទី៥៖ ការ៉ាតេ ឈ្នះមេដាយមាស ១, ប្រាក់ ២, សំរឹទ្ធ ២។
*ទី៦៖ វាយសី ឈ្នះមេដាយប្រាក់ ១, សំរឹទ្ធ ១។
*ទី៧៖ តេក្វាន់ដូ ឈ្នះមេដាយមាស ៣។
*ទី៨៖ ចំបាប់(កាច់ដៃ) ឈ្នះមេដាយមាស ៦ និងប្រាក់ ១។
*ទី៩៖ លើកទម្ងន់ ឈ្នះមេដាយមាស ១។

ការធ្វើបានជោគជ័យរបស់ប្រតិភូ និងអត្តពលិកកីឡានគរបាលជាតិកម្ពុជានេះ បានទទួលការអបអរសាទរ និងកោតសរសើរខ្ពស់ពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើរអបអរសាទរ ចំពោះប្រតិភូអង្គភាពកីឡានគរបាលជាតិកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ The 19th World Police and Fire Games 2022។

លោកបន្ដថា ជោគជ័យដ៏ត្រចះត្រចង់ដែលទទួលបាននាឱកាសនេះ គឺជាមោទនភាពរបស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាប្រជាជាតិទាំងមូល ហើយក៏បានស្ដែងឲ្យឃើញអំពីការលះបង់ដ៏ធំធេង ឆ្លៀតពេលពីការបំពេញភារកិច្ចស្នូលក្នុងការរ៉ាប់រងសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម យកអស់កម្លាំងកាយចិត្តប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ប្រឹងប្រែងហ្វឹកហាត់ រហូតទទួលបានជោគជ័យជូនជាតិមាតុភូមិ រួមចំណែកលើកស្ទួយកិត្យានុភាពនគរបាលជាតិនៅលើឆាកអន្ដរជាតិ»។

សូមបញ្ជាក់ថា ក្នុងដំណើរមាតុភូមិនិវត្តន៍ អមមេដាយសរុប ៣៣គ្រឿងខាងលើ គេក៏ឃើញមានការទទួលស្វាគមន៍ និងអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់កងកម្លាំងនគរបាលជាតិ ព្រមទាំងមានការដង្ហែរ ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីនគរបាលជាតិ នៅតាមមហាវិថីសំខាន់ៗមួយចំនួនទៀតផង៕