(បរទេស)៖ ឯកសារមួយបានបង្ហាញនៅថ្ងៃចន្ទថា រដ្ឋាភិបាលប្រទេសបារាំង អ៊ីតាលី និងអេស្ប៉ាញ កំពុងតែបង្ខំឱ្យគណៈកម្មការអឺរ៉ុបបង្កើតច្បាប់ថ្មីមួយដែលធានាឱ្យក្រុមហ៊ុន Big Tech ផ្តល់ហិរញ្ញប្បទានផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសទាំងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលទាំងបីបានបង្ហាញជំហររួមគ្នាលើបញ្ហានេះ ខណៈដែរនិយតករសហភាពអឺរ៉ុបក៏កំពុងតែមានកង្វល់ទៅលើរឿងនេះដូចគ្នា ដោយពួកគេធ្វើការវិភាគសំណួរថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet ដែលជាមេធំរបស់ Google, Meta និង Netflix គួរតែផ្តល់ការចំណាយខ្លះៗនៃការធ្វើទំនើបកម្មបណ្តាញទូរគមនាគមន៍ដែរ ឬទេ។

បើយោងតាមឯកសារដែលដាក់ដោយរដ្ឋាភិបាលរបស់ប្រទេសទាំង ៣នេះបង្ហាញថា «យើងអំពាវនាវឱ្យមានសំណើនីតិប្បញ្ញត្តិ ក៏ដូចជាការធានាឱ្យអ្នកលេងទីផ្សារទាំងអស់រួមចំណែកដល់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ»

យ៉ាងណាមិញនៅក្នុងឯកសារខាងលើនោះគេមិនបញ្ជាក់លម្អិតថាតើក្រុមហ៊ុន Big Tech ទាំង ៦នោះនឹងត្រូវបានចំណាយអស់ប៉ុន្មាននោះទេ។ តែបើយោងតាមឯកសាររួមមួយនៃច្បាប់ចម្លង ដែលត្រូវបានមើលឃើញដោយ Reuters បង្ហាញថា រដ្ឋាភិបាលទាំងបីមានបំណងឱ្យអ្នកបង្កើតមាតិកាធំៗទាំង ៦នោះ បង់ចំនួន ៥៥ភាគរយនៃចរាចរណ៍អ៊ីនធឺណិត។ មានន័យថា «នេះគឺជាការបង្កើតការចំណាយជាក់លាក់មួយសម្រាប់ប្រតិបត្តិករទូរគមនាគមន៍អឺរ៉ុបទាក់ទងនឹងសមត្ថភាព នៅពេលដែលពួកគេចាប់ផ្តើមវិនិយោគនៅក្នុងផ្នែកដែលថ្លៃបំផុតនៃបណ្តាញ 5G និង Fiber-To-The-Home»

ទោះជាយ៉ាងណាក៏ដោយចំពោះករណីនេះ សកម្មជនការពារសិទ្ធិឌីជីថលបានព្រមានថា ការបង្ខំឱ្យ Big Tech បង់ប្រាក់សម្រាប់ Network នេះអាចនឹងគំរាមកំហែងដល់ច្បាប់អព្យាក្រឹត្យសុទ្ធរបស់សហភាពអឺរ៉ុប ខណៈដែលពួកគេបារម្ភថាអាចនឹងជួបបញ្ហានៅក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនយក្សអនឡាញដើម្បីជួយផ្តល់មូលនិធិដល់បណ្តាញទូរគមនាគមន៍នេះ៕