(ហុងកុង)៖ អតីតកីឡាការិនីលំដាប់ទី១ របស់ចិន និងជាម្ចាស់ពានរង្វាន់មេដាយសំរឹទ្ធ ព្រឹត្តិការណ៍ Olympic កាលពីឆ្នាំ២០១៦ Feng Shanshan បានប្រកាសពីការចូលនិវត្តន៍របស់នាងពីអាជីពវាយកូនគោល និងពីព្រឹត្តិការណ៍ LPGA Tour។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

«ឥឡូវនេះ វាដល់ពេលវេលាសម្រាប់ខ្ញុំ ដើម្បីសាកល្បងអ្វីផ្សេង» នេះបើតាមសម្តី Feng ដែលនឹងឈានចូលវ័យ ៣៣ឆ្នាំនៅថ្ងៃសុក្របានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើទំព័រ Instagram របស់នាង។

«ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរីករាលដាលជំងឺជាសកល បានផ្លាស់ប្តូរអ្វីជាច្រើន និងបានធ្វើឲ្យខ្ញុំសញ្ជឹងគិត ដើម្បីផ្តោតបន្ថែមទៀតលើការអភិវឌ្ឍខ្លួន ហើយនឹងចំណាយពេលវេលាជាមួយគ្រួសាររបស់ខ្ញុំ»

ការប្រកាសនេះបានធ្វើឡើង ១ឆ្នាំ ក្រោយពីការបង្ហាញខ្លួនលើកចុងក្រោយរបស់នាងនៅព្រឹត្តិការណ៍ Tokyo Olympics ជាទីកន្លែងដែលកីឡាការិនី Feng បានលើកឡើងថា នាងជិតចូលនិវត្តន៍ហើយ។

Feng ធ្លាប់បានប្រាប់សារព័ត៌មាន AFP នៅទីក្រុង Tokyo ថា វាគឺកិត្តិយសណាស់ដែលបានប្រកួតតំណាងឲ្យប្រទេសរបស់នាងជាលើកចុងក្រោយ៕