(ព័រទីម៉ៅ)៖ ព្រឹត្តិការណ៍ Portuguese Grand Prix នឹងប្រណាំងបើករដូវកាល ដណ្តើមពានរង្វាន់ជើងឯកពិភពលោក MotoGP ក្នុងឆ្នាំ២០២៣។ នេះបើតាមការប្រកាសពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

ប្រទេសកាតាបានធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ប្រកួតបើករដូវកាល MotoGP ចាប់តាំងពីឆ្នាំ២០០៧ មកម្ល៉េះ លើកលែងតែឆ្នាំ២០២០ ប៉ុណ្ណោះ នៅពេលដែលការប្រណាំងត្រូវបានលុបចោលវិញ ដោយសារតែការរាតត្បាតពីជំងឺកូវីដ-១៩។

ទីលានប្រណាំង Lusail របស់កាតា ត្រូវបានគេគ្រោងនឹងធ្វើការជួសជុលឡើងវិញទ្រង់ទ្រាយធំ ហើយនឹងអាចធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវិញ ក្រោយបញ្ចប់ការជួសជុល។

ការប្រណាំង នឹងធ្វើឡើងនៅឯទីលាន Algarve International Circuit នាទីក្រុង Portimao ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំក្រោយ៕