(បរទេស)៖ ត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីបង្ហាញគំរូវែនតាឆ្លាតវៃរបស់ខ្លួន នាពេលថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Xiaomi បានប្រកាសបង្ហាញជាផ្លូវការនូវវែនតាឆ្លាតវៃដែលមានឈ្មោះម៉ាកយីហោថា Mijia ខណៈវាមានសមត្ថភាពពិសេសដូចជា ការប្រើប្រាស់មុខងារ AR បាន, អាចបកប្រែភាសាបាន (AI) រួមទាំងអាចថតវីដេអូ និងរូបភាពបានថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

វែនតាឆ្លាតវៃថ្មីនេះមានបំពាក់កាមេរ៉ា ២គ្រាប់ដោយរួមមាន កាមេរ៉ាគោលទំហំ ៥០ មេហ្គាភិចសែល ក៏ដូចជាកាមេរ៉ា Periscope 8 មេហ្គាលភិចសែល ជាមួយ OIS អាចពង្រីកបានរហូតដល់ទៅ ១៥ ដង។ ជាមួយគ្នានេះ Xiaomi បានបញ្ជាក់ប្រាប់ដែលថា វាបំពាក់ដោយថាមពលថ្ម 1,020 mAh (គាំទ្រកម្លាំងសាកឥតខ្សែ 10W) និងថតវីដេអូបានដល់ទៅ ១០០នាទីជាប់ ថែមទាំងអាចសាកថ្មពី ០ភាគរយ ទៅ ៨០ភាគរយត្រឹមតែរយៈពេល ៣០នាទី ខណៈវាមានទម្ងន់ត្រឹមតែ ១០០ក្រាមប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះវាមានបំពាក់បន្ទះអេក្រង់ Sony Micro OLED ជាមួយកម្រិតពន្លឺភ្លឺខ្លាំងដល់ 3,000nits និងមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយ TÜV Rheinland សម្រាប់ការការពារភ្នែកបាន។ លើសពីនេះទៀត Xiaomi Mijia Glasses ត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 8-core និងមាន RAM ទំហំ3GB, អង្គផ្ទុកទិន្នន័យទំហំ 32GB, មានសមត្ថភាពតភ្ជាប់ WiFi និង Bluetooth 5.0 ។

គួរបញ្ជាក់ដែរថា Xiaomi Mijia Glasses និងដាក់លក់ជាមុននៅក្នុងប្រទេសចិនក្នុងតម្លៃខ្ទង់ ២,៤៩៩យន់ ឬប្រហែល ៣៧០ដុល្លារ ខណៈដែលផលិតផលនេះត្រូវបានគេរំពឹងថានឹងលក់រាយក្នុងតម្លៃ ២,៦៩៩ យន់ ឬប្រហែល ៤០០ដុល្លារនាពេលក្រោយ៕