(បរទេស)៖ យោងតាមគេហទំព័រ Variety បានរាយការណ៍ថា ក្រុមហ៊ុនហ្គេម Inmmersive និងក្រុមហ៊ុន Netflix បានចាប់ដៃសហការគ្នា បង្កើតទីតាំងលេងហ្គេមបែបមនុស្សពិតៗ ដែលដកស្រង់ចេញពីរឿង «Squid Game» ពោលគឺនឹងអនុញ្ញាតឲ្យមានអ្នកចូលលេង ចន្លោះពី ២ទៅ៦នាក់ ប្រកួតគ្នា ក្នុងហ្គេមជាច្រើនប្រភេទរួមមាន ភ្លើងក្រហម ភ្លើងខៀវ, និងហ្គេមស្ពានកញ្ចក់ ខណៈជំហានដំបូង គឺហ្គេមនេះ មាននៅទឹកដីអាមេរិក និងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន NME នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

ក្រុមហ៊ុនហ្គេម Immersive Gamebox នឹងប្រើបច្ចេកវិទ្យា Motion-sensing និង Touchscreen នៅក្នុងបន្ទប់ឆ្លាតវៃឌីជីថល ដើម្បីបង្កើតបទពិសោធន៍នៃការលេងហ្គេម។ ការលេងបែបជីវិតពិតៗនេះ គឺមិនសូវមានគ្រោះថ្នាក់ដូចក្នុងរឿងទេ ព្រោះអ្នកលេងនឹងបាត់បង់ជីវិតបែបសិប្បនិម្មិត នៅពេលដែលពួកគេបរាជ័យក្នុងហ្គេម។ អ្នកលេងដែលទទួលបានជោគជ័យក៏នឹងឈ្នះប្រាក់បែបសិប្បនិម្មិត នៅពេលឆ្លងកាត់បានជោគជ័យក្នុងរាល់វគ្គនីមួយៗ។

នាយកប្រតិបត្តិរបស់ Immersive Gamebox បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីរំឭកទៅដល់ភាពយន្តដែលមានប្រជាប្រិយភាពខ្លាំងលើ Netflix ក្រុមហ៊ុននឹងផ្តល់ជូននូវបទពិសោធន៍ជាច្រើនផ្សេងទៀត ដើម្បីផ្សារភ្ជាប់ទៅនឹងរឿង Squid Game។

គួរជម្រាបថា គម្រោងនេះ Immersive Gamebox ត្រូវបានកំណត់ឲ្យដំណើរការនៅទីតាំងចំនួន៩ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចំនួន៤ ដែលគ្រោងនឹងដំណើរការ នៅថ្ងៃទី២១ ខែកញ្ញា។ ហ្គេមនឹងមានរយៈពេល ៦០នាទី ហើយនឹងដាក់កម្រិតចំពោះអ្នកលេងដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ជាមួយនឹងតម្លៃសំបុត្រចាប់ពី ១៩ផោន ឬខ្ទង់២៥ដុល្លារ អាស្រ័យលើកាលបរិច្ឆេទ និងទីតាំង៕