(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមអបអរសាទរជាលើកទី២ សម្រាប់កីឡាការិនី ងួន រតនា ដែលដណ្តើមបានមេដាយមាសលើកទី៤ ឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាចម្រុះជនពិការ Para Games 2022 នៅប្រទេសឥណ្ឌូនេស៊ី។

ក្នុង Facebook សម្តេចបានសរសេរថា «អបអរសាទរកីឡាការិនី ងួន រតនា ទទួលបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ ប្រភេទ T46 នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ ជូនពរកីឡាករ-កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»

នៅព្រឹកថ្ងៃពុធនេះដែរ សម្តេចក៏បានអបអរសាទរដល់កីឡាការិនី សន សាល ក្រោយពេលដណ្តើមបានមេដាយមាសទី៣ ប្រភេទកីឡាប៊ូស្បា ដោយគិតមកទល់នឹងពេលនេះ កម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ១៤គ្រឿងហើយរួមមាន មាស៤ ប្រាក់៦ និងសំរិទ្ធ ៤គ្រឿង៕