(ត្បូងឃ្មុំ)៖ ក្រោមកិច្ចសហការរវាងអង្គការបេះដូងពេទ្យជប៉ុន ជាមួយនឹងក្រុមគ្រូពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបង្កើតកម្មវិធីផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ និងពលរដ្ឋ នៅស្រុកជាប់គ្នានោះចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

គិតត្រឹមរយៈពេលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានពិគ្រោះជំងឺសរុបបាន៣៣៨នាក់ ស្រី១៩៩នាក់ អ្នកដែលត្រូវវះកាត់ មានចំនួន៨៦នាក់។ អ្នកជំងឺក្មេងជាងគេមានអាយុ ១ខួប ១ខែ និងអ្នកជំងឺចាស់ជាងគេ មានអាយុ៨៣ឆ្នាំ។

សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ ដែលមានបំពាក់ដោយបរិក្ខារទំនើប។

ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែងស្រុកក្រូចឆ្មារ មានបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗអគារ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ៕