(បរទេស)៖ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Counterpoint Research បានឱ្យដឹងថា ទីផ្សារស្មាតហ្វូនអឺរ៉ុបក្នុងត្រីមាសទី២ កន្លងទៅនេះបានធ្លាក់ចុះខ្ទង់ ១៣ភាគរយ បើធៀបទៅនឹងត្រីមាសទី១ នៅក្នុងលទ្ធផលដាក់លក់សរុបចំនួន ៤០.៣លានគ្រឿង ខណៈដែលវាជាត្រីមាសទី ២ដ៏អាក្រក់បំផុតមួយចាប់តាំងពី ២០២០មក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

យ៉ាងណាមិញនៅក្នុងលទ្ធផលនេះបើធៀបទៅនឹងត្រីមាសទី២ កាលពីឆ្នាំមុន ឃើញថាទីផ្សារស្មាតហ្វូនធ្លាក់ចុះដល់ទៅ ១១ភាគរយឯណោះពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហេតុបណ្តាលមកពី សង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យសេដ្ឋកិច្ចរង្គោះរង្គើ ក៏ដូចជាការកើតឡើងវិញនៃជំងឺរាតត្បាត COVID-19 ដែលសុទ្ធតែជាមូលហេតុរារាំងក្រុមហ៊ុនផលិតស្មាតហ្វូន។

បើយោងតាមតារាងទីផ្សារស្មាតហ្វូនរបស់ Counterpoint Research បានបង្ហាញពីលទ្ធផលក្រុមហ៊ុនផលិតស្មាតហ្វូនចំនួន ៥ ដោយក្នុងនោះ Samsung បានរក្សាតំណែងរបស់ខ្លួនជាអ្នកលក់លេខ ១នៅអឺរ៉ុបក្នុងត្រីមាសទី២ ឆ្នាំ២០២២ ជាមួយនឹងចំណែកទីផ្សារ ៣២ភាគរយ ដែលកើនឡើងពី ២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយវាក៏បានកើនឡើងខ្ទង់ ៩ភាគរយនៅត្រីមាសទី ២នេះផងដែរ។

ចំណែកឯក្រុមហ៊ុន Apple វិញបានជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងចំណែកទីផ្សារ ២៤ភាគរយ ដែលកើនឡើងពី ២១ភាគរយកាលពីឆ្នាំមុន ខណៈដែលកំណើនទាំងនេះត្រូវបានគេមើលឃើញថាបានមកពីការចេញលក់ iPhone SE 5G ជាមួយនឹងកំណើន ៣ភាគរយនៅត្រីមាសទី ២នេះ។ ដោយឡែកក្រុមហ៊ុន Xiaomi វិញឈរនៅលេខរៀងទី៣ ជាមួយនឹងចំណែកទីផ្សារ ១៩ភាគរយដែលធ្លាក់ចុះពី ២៧ភាគរយកាលពីឆ្នាំមុន រួមជាមួយចំណែកទីផ្សារក្នុងត្រីមាសទី ២នេះធ្លាក់ចុះដល់ទៅ ៣៩ភាគរយឯណោះបើធៀបនឹងត្រីមាសមុន។ រីឯក្រុមហ៊ុន Oppo និង Realme វិញឈរនៅលេខរៀងទី៤ ទី៥រៀងគ្នាជាមួយនឹងចំណែកទីផ្សារ ៥ភាគរយ និង ៣ភាគរយដែលបានធ្លាក់ចុះកាលពីឆ្នាំមុន ជាមួយនិងចំណែកទីផ្សារត្រីមាសទី២ ឆ្នាំនេះធ្លាក់ចុះខ្ទង់ ១១ភាគរយឯណោះ។

ជាមួយនឹងលទ្ធផលនេះលោក Jan Stryjak ដែលជានាយករងក្រុមហ៊ុន Counterpoint បានលើកឡើងថា ជាអកុសលស្ថានភាពនៅអឺរ៉ុបនៅតែអាក្រក់ រួមទាំងប្រទេសជាច្រើននៅអឺរ៉ុបកំពុងខិតទៅជិតវិបត្តិសេដ្ឋកិច្ច ហើយភាពតានតឹងផ្នែកនយោបាយក្នុងស្រុក នៅក្នុងប្រទេសជាច្រើនហួសពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនកំពុងកើនឡើង ឧទាហរណ៍នៅប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ «យើងនៅតែមានក្តីសង្ឃឹមថា កំណើនទីផ្សារស្មាតហ្វូនគួរតែកើនឡើងឆាប់ៗនេះ គ្រាន់តែថាវាទំនងជាប្រើរយៈពេលលឿន ឬយឺតតែប៉ុណ្ណោះ»៕