(ឡុងដ៍)៖ កីឡាករចំនួន ២រូបរបស់ក្លិប Manchester United គឺ Cristiano Ronaldo និង Harry Maguire ជាកីឡាករដែលរងការរំលោភបំពាន ច្រើនជាងគេបំផុតនៅលើប្រព័ន្ធទំនាក់ទំនងសង្គម Twitter កាលពីរដូវកាលមុន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនាថ្ងៃអង្គារ។

ជិត ៣ភាគ៤ នៃកីឡាករបាល់ទាត់នៅលីគ Premier League បានទទួលសាររំលោភបំពាន ហើយពួកគេខ្លះបានទទួលសាររំលោភបំពានជាប្រចាំថ្ងៃ។

របាយការណ៍ដែលបានធ្វើឡើងដោយវិទ្យាស្ថាន Alan Turing Institute and Ofcom និងបានប្រើប្រាស់ម៉ាស៊ីនដែលមានបច្ចេកវិទ្យាសិក្សាថ្មីនោះ បានវិភាគចំនួន ២.៣លានសារដោយផ្ទាល់លើកីឡាករលេងនៅលីគ Premier League ក្នុងរយៈពេល ៥ខែដំបូងនៃរដូវកាល២០២១-២២។

ការសិក្សានោះបានរកឃើញការបង្ហោះចំនួន ៦០,០០០នាក់ ដែលត្រូវបានគេចាត់ទុកថាបំពាន ដោយ ៦៨ភាគរយនៃកីឡាករ ដែលលេងនៅលីគកំពូលអង់គ្លេសនេះ បានទទួលយ៉ាងហោចណាស់មួយសារ ក្នុងអំឡុងពេលនោះ។

ម្នាក់ក្នុងចំណោមកីឡាករ ១៤នាក់បានទទួលសាររំលោភបំពានជារៀងរាល់ថ្ងៃ ជាមួយនឹងពាក់កណ្តាលនៃសាររំលោភបំពានទាំងអស់ បានផ្ញើដោយផ្ទាល់ទៅកាន់កីឡាករ ១២នាក់ដែលទទួលបានជាមធ្យម ១៥សារក្នុង ១ថ្ងៃ។

Ronaldo បានទទួលសារបំពានចំនួន ១២,៥២០ ខណៈ Maguire បានទទួល ៨,៩៥៤ និង Marcus Rashford ដែលជាកីឡាកររបស់ Manchester United ដែរនោះ ជាប់ជាកីឡាកររងការបំពានច្រើនជាងគេបំផុតលំដាប់ទី៣ ជាមួយនឹង ២,៥៥៧សារ។

កីឡាករ Manchester United ចំនួន ៨នាក់បានជាប់ក្នុងចំណោមកីឡាករកំពូល ១០នាក់ ដែលរងការបំពានច្រើនជាងគេបំផុត។

ក្រៅពីនោះមានតែខ្សែប្រយុទ្ធក្លិប Tottenham Hotspur កីឡាករ Harry Kane និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស និងកីឡាករ Jack Grealish របស់ក្លិប Manchester City ប៉ុណ្ណោះ ដែលមិនមែនជាកីឡាករលេងឲ្យក្លិប Manchester United ដែលស្ថិតក្នុងចំណោមកីឡាករកំពូល ១០នាក់នោះ៕