(អូសឡូ)៖ សហព័ន្ធបាល់ទាត់ន័រវេស (NFF) បានលើកឡើងថា ខ្លួនបានតែងតាំងអ្នកស្រី Hege Riise ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី បន្ទាប់ពីការប្រកួតក្នុងពូលរបស់ពួកគេបានធ្លាក់ចេញពីការប្រកួតក្របខណ្ឌ European Champioship។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

អ្នកស្រី Riise ធ្លាប់បានឈ្នះពានរង្វាន់ World Cup, European Championship និងមេដាយមាស Olympic នៅពេលដែលលោកស្រីជាកីឡាការិនី។

អ្នកស្រី Riise ដែលបានធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីរបស់អង់គ្លេសនៅឯព្រឹត្តិការណ៍ Tokyo Olympics នោះ បានជំនួសអ្នកស្រី Martin Sjogren សញ្ជាតិស៊ុយអែត ដែលបានលាលែងពីតំណែង បន្ទាប់ពីក្រុមន័រវេសបានចាញ់ក្នុងលទ្ធផល ៨-០ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអង់គ្លេស និងជាក្រុមដណ្តើមបានពានរង្វាន់ជើងឯក Euro ឆ្នាំ២០២២។

មិនមានការបញ្ជាក់ពីរយៈពេលនៃកិច្ចសន្យារបស់អ្នកស្រី Riise វ័យ ៥៣ឆ្នាំនេះនោះទេ៕