(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ធំថ្មីមួយទៀតហើយ គឺការប្រកួតពានរង្វាន់ LUX98-POOL 9-BALL OPEN 2022 ដើម្បីសម្រិតសម្រាំងធនធានកីឡាករឆ្នើមៗ សម្រាប់គាំទ្រដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំពានរង្វាន់ខាងលើនាល្ងាចថ្ងៃទី០៣ ខែសីហាថា ពាននេះផ្ដោតលើវិញ្ញាសាប៊ីយ៉ា POOL 9-BALL ដែលសហការរៀបចំជាមួយក្លិប LUX98 ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ ពិសេសពង្រឹងសមត្ថភាពធនធានលើវិញ្ញាសា POOL 9-BALL ដែលជាវិញ្ញាសាត្រៀមស៊ីហ្គេមនៅកម្ពុជាតែម្ដង។

អ្វីដែលពិសេស ហើយប្លែកនោះ គឺការប្រកួតនេះ បើកទូលាយឲ្យកីឡាករចូលរួម ទាំងខ្មែរ និងបរទេសក្នុងស្រុក ដ្បិតសហព័ន្ធយល់ថា ការធ្វើបែបនេះ នឹងអាចចែករំលែកបទពិសោធន៍ និងបច្ចេកទេសគ្នា រវាងកីឡាករខ្មែរ និងបរទេស ហើយក៏ជាឱកាសសម្រាប់សហព័ន្ធសម្លឹងមើលទេពកោសល្យរបស់កីឡាករកម្ពុជាផងដែរ ព្រោះអ្នកទទួលបានជ័យលាភី អាចនឹងមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិទៀតផង។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ហេតុអ្វីយើងបង្កើតព្រឹត្តិការណ៍ធំបែបនេះ? គឺដោយសារយើងចង់គាំទ្រព្រឹត្តិការណ៍ធំរបស់យើង គឺការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ អ៊ីចឹងការគាំទ្រនេះ មានន័យថា យើងចង់ស្វែងរកធនធានកីឡាករ ដែលមានទេពកោសល្យទៅជួយជាតិយើង ក្នុងការប្រកួតស៊ីហ្គេមនៅកម្ពុជា។ ចឹងយើងត្រូវមានការប្រកួត ហើយបើយើងប្រកួតតែគ្នាឯង ខ្ញុំគិតថា ពេលខ្លះនៅមានកម្រិតមួយ អាចថាប៉ានស្មានអត់ដឹង ចឹងទើបខ្ញុំបើកជំហរបរទេសចូលរួមដែរ»

ទន្ទឹមជាមួយគ្នា កញ្ញា ហេង ចាង តំណាងក្លិបសមាជិកសហព័ន្ធខាងលើ បានបង្ហាញទឹកចិត្តរីករាយ និងស្វាគមន៍ ចំពោះការគាំទ្ររបស់សហព័ន្ធ ក្នុងការបង្កើតព្រឹត្តិការណ៍ដ៏ធំនេះឡើង ដោយកញ្ញារំពឹងថា នឹងមានការគាំទ្រ និងមានការចូលរួមច្រើនពីសំណាក់កីឡាករជាតិ និងអន្ដរជាតិ។ ហើយប្រសិនបើការប្រកួតនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យ ក្លិបនឹងបន្ដសហការរៀបចំពានរង្វាន់ផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា។

គួរដឹងថា ពានរង្វាន់ LUX98-POOL 9-BALL OPEN 2022 នឹងបើកការប្រកួតផ្លូវការ នាថ្ងៃទី១៣ ខែសីហាខាងមុខ នៅក្លិប LUX 98 ច្បារអំពៅ ខណៈការចូលរួម គឺចាប់ផ្ដើមទទួលពាក្យពីឥលូវតទៅ ដោយអនុញ្ញាតឲ្យកីឡាករខ្មែរ និងបរទេសក្នុងស្រុកចុះឈ្មោះចូលរួមដោយសេរី ។ ជាមួយគ្នានឹងការប្រកាសរៀបចំពានថ្មីនេះ សហព័ន្ធក៏មានរៀបចំការប្រកួតមិត្តភាព រវាងកីឡាករជម្រើសជាតិ សួន ឆាយ និងកីឡាករ ថាយ តិចហុក ដើម្បីបង្ហាញបច្ចេកទេស និងចែករំលែកបទពិសោធន៍ ក៏ដូចជាបើកទទួលពាក្យចូលរួមប្រកួតផងដែរ៕