(បរទេស)៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប «Semiconductor» បានធ្លាក់ចុះជាខ្លាំង ខណៈដែលដំណើរទស្សនៈកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ បានធ្វើឱ្យមានតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

តាមរយៈការចេញផ្សាយនាពេលថ្មីៗនេះបានបញ្ជាក់ប្រាប់ថា តៃវ៉ាន់គឺជាផ្ទះរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកក្នុងកិច្ចសន្យាធំជាងគេរបស់ពិភពលោករួមមានក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) និងក្រុមហ៊ុន Peer United Microelectronics Corp (UMC)។ បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់លោកស្រី Nancy Pelosi ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក បានទាញទម្លាក់ភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទះឈីបទាំងពីរនេះធ្លាក់ចុះខ្ទង់ ២.៤ភាគរយ និង ៣ភាគរយរៀងគ្នាគិតត្រឹមថ្ងៃទី០២ ខែសីហា ម្សិលមិញនេះ។

លើសពីនេះទៅទៀតភាគហ៊ុនរបស់ក្រុមហ៊ុនតៃវ៉ាន់ក៏បានធ្លាក់ចុះខ្ទង់ ១៦ភាគរយផងដែរ ដែលបង្ហាញពីការធ្លាក់ចុះភាគរយដ៏ធំបំផុតមួយរបស់ពួកគេក្នុងរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះ ខណៈដែលភាពតានតឹងទាំងនេះបណ្តាលមកពីផ្នែកភូមិសាស្រ្តនយោបាយកើនឡើងដែលកំពុងតែជាប្រធានបទក្តៅ។

គួរបញ្ជាក់ដែរថា ភាគហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិក រួមមាន Nvidia Corp, Intel Corp, Qualcomm និង Micron Technology Inc ក៏បានធ្លាក់ចុះចន្លោះពី ០.៧ភាគរយ ទៅ ១.៩ភាគរយដែរ ចំណែកឯនៅប៉ែកអឺរ៉ុបវិញ ក្រុមហ៊ុន Infineon បានធ្លាក់ចុះខ្ទង់ ១ភាគរយ ខណៈដែលក្រុមហ៊ុនរបស់ហូឡង់ ASML, ASMI និង BESI បានធ្លាក់ចុះពី ២ ភាគរយទៅ ៣ ភាគរយផងដែរ៕