(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៦ បានបញ្ចប់ការប្រកួតជើងទី១ នៃវគ្គជម្រុះ ១៦ក្រុមចុងក្រោយ សម្រាប់ថ្នាក់ជាតិហើយ ខណៈអគ្គិសនីកម្ពុជា គឺជាក្រុមតែមួយគត់ ដែលបានយកឈ្នះក្រុមក្របខណ្ឌលីគកំពូលកម្ពុជា(CPL)។

ក្នុងនាមក្រុមលីគទី២ ដែលបានឆ្លងផុតវគ្គជម្រុះពានថ្នាក់ជាតិ អគ្គិសនីកម្ពុជាធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ ជាមួយក្រុមគិរីវង់សុខសែនជ័យ លើទឹកដីរបស់ខ្លួននាល្ងាចថ្ងៃទី០៣ ខែសីហាម្សិលមិញ ដោយបានយកឈ្នះក្រុមភ្ញៀវដោយលទ្ធផល ៣-២។

ជំនួបដ៏ជក់ចិត្តនេះ អគ្គិសនីកម្ពុជា បានបើកការនាំមុខគិរីវង់ ២-១ នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ច្រឹង ច័ន្ទវីរៈ និង ឈួត សិនទៀង នៅនាទីទី២ និងនាទី១៦ ខណៈ ១គ្រាប់របស់គិរីវង់ ធ្វើសម្រេចដោយកីឡាករ ហ៊ត ឈិនជិន។ ចូលវគ្គទី២ ក្រុមទាំងពីរ បានបន្ថែម ១គ្រាប់ម្នាក់ទៀត ហើយបានរក្សាលទ្ធផល ដល់ចប់ការប្រកួត ដោយអគ្គិសនីកម្ពុជា យកឈ្នះគិរីវង់ ៣-២ តែម្ដង។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យអគ្គិសនីកម្ពុជា គឺជាក្រុមឡើងមកពីវគ្គជម្រុះថ្នាក់ជាតិតែមួយគត់ ដែលបានយកឈ្នះក្រុមលីគកំពូល ខណៈលទ្ធផល ៧ប្រកួតទៀត សុទ្ធតែក្រុមក្របខណ្ឌ CPL ទទួលបានជ័យជម្នះ ក្នុងជើងទី១ រួមមានព្រះខ័នរាជស្វាយរៀង ឈ្នះសូលទីឡូអង្គរ ១-០, វិសាខា ឈ្នះសៀមរាបអេហ្វស៊ី ៦-០, ណាហ្គាវើលដ៏ ឈ្នះអាស៊ីអឺរ៉ុប ៤-០, បឹងកេត ឈ្នះ ISI ដង្កោសែនជ័យ ២-០, អង្គរថាយហ្គឺរ ឈ្នះកោះកុង ២-១, ភ្នំពេញក្រោន ឈ្នះព្រៃវែង ១-០ និងកងយោធពលខេមរភូមិន្ទ ឈ្នះនគរបាលជាតិ ២-១។

សម្រាប់ការប្រកួតជើងទី២ នៃវគ្គជម្រុះ ១៦ក្រុមចុងក្រោយ ដើម្បីកាត់សេចក្ដីក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ គ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី១០ និងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ៕