(សូឡូ)៖ កម្ពុជាបានបន្ថែមមេដាយមាស ១គ្រឿងទៀតហើយ បន្ទាប់ពីក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ផ្នែកបុរស បានប្រកួតឈ្នះក្រុមខ្លាំងថៃ ដោយលទ្ធផល ៣-១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ មុននេះបន្ដិច នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ បានបញ្ចប់យ៉ាងស្វិតស្វាញ បន្ទាប់ពីថៃ បើកការនាំមុខកម្ពុជា ជាបន្ដបន្ទាប់នៅសិតទី១ តែកម្ពុជា បានព្យាយាមវាយបកវិញ ២៥-២៣ពិន្ទុ ។ រីឯសិតទី២ កម្ពុជា ធ្វើបានយ៉ាងល្អ ដោយបើកការនាំមុខលើក្រុមថៃ ជាបន្ដបន្ទាប់ រហូតទទួលបានជ័យជម្នះក្នុងលទ្ធផល ២៥-២២ពិន្ទុ។

ចូលសិតទី៣ ក្រុមបាល់ទះអង្គុយថៃ បានវាយបកឈ្នះ ១សិតវិញ ដោយពិន្ទុ ២៥-១៩ ។ ប៉ុន្ដែសិតទី៤ គឺជាសិតបញ្ចប់ក្ដីសង្ឃឹមថៃ បន្ទាប់ពីកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះថៃ ក្នុងលទ្ធផលដ៏ស្វិតស្វាញ ២៥-២២ពិន្ទុ ដើម្បីធានាមេដាយមាសជូនជាតិតែម្ដង។

នេះគឺជាមេដាយមាសទី៦ ដែលអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានជូនជាតិ ពីព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ានខាងលើ ដ្បិតគិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១៩គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៧ និងសំរឹទ្ធ ៦៕