(អាមេរិក)៖ បន្ទាប់ពីខកខានចេញចម្រៀងរយៈពេល៦ឆ្នាំ នាពេលថ្មីៗនេះកំពូលតារាចម្រៀង Beyoncé បានធ្វើឲ្យអ្នកគាំទ្ររីករាយយ៉ាងខ្លាំង តាមរយៈការបញ្ចេញស្នាដៃអាល់ប៊ុមចម្រៀងថ្មីដែលមានឈ្មោះថា «Renaissance» (រ៉េណៃសាន)។ អ្វីដែលពិសេស អាល់ប៊ុមមួយនេះ ត្រូវបានគេរំពឹងការ នឹងឡើងទៅឈរនៅលេខរៀងទី១ លើតារា Billboard 200 ក្នុងពេលឆាប់ៗនេះ ដោយនឹងក្លាយជាការបើកទំព័រសប្តាហ៍ដ៏ធំបំផុតប្រចាំឆ្នាំ។ នេះបើតាមគេហទំព័រ Variety នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

បញ្ចេញជាផ្លូវការនៅថ្ងៃទី២៩ ខែកក្កដា ថ្មីនេះ អាល់ប៊ុម «Renaissance» របស់ Beyoncé គឺមានចម្រៀងចំនួន១៦បទ ហើយបើតាមទិន្នន័យពី Luminate តាមរយៈ Billboard អាល់ប៊ុមនេះ ទទួលបានការលក់ ការចូលស្តាប់ និងការទាញយកចំនួនសរុបចំនួន ២៧៥,០០០ដង ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃដំបូងប៉ុណ្ណោះក្រោយបញ្ចេញជាផ្លូវការ។ ភាគច្រើននៃចំនួនសរុបនោះបានមកពីការលក់ដែលមានចំនួនប៉ាន់ស្មាន ១៧៥,០០០ អាល់ប៊ុមផងដែរ។

បន្ថែមពីលើការសម្រេចបាននូវការបើកសប្តាហ៍ដ៏ធំបំផុតប្រចាំឆ្នាំ អាល់ប៊ុម «Renaissance» នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងដំបូង ដែលបានចេញផ្សាយដោយតារាចម្រៀងស្រី ក្នុងឆ្នាំ ២០២២ ក្នុងការឈានទៅឈរនៅលើកំពូលតារាង។

មុនការចេញផ្សាយអាល់ប៊ុមថ្មីនេះ Beyonce បានចេញផ្សាយបទចម្រៀងទោលដកស្រង់ ចេញពីអាល់ប៊ុមមានចំណងជើងថា «Break my Soul» (ប្រ៊េកម៉ាយសូល) ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់។ គួររំឭកថាអាល់ប៊ុមចម្រៀងទោលចុងក្រោយរបស់ម្ចាស់បទ «Single Ladies» រូបនេះបានចេញផ្សាយតាំងពីឆ្នាំ ២០១៦ ដែលមានឈ្មោះថា «Lemonade»