(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងបើកទទួលការបញ្ជាទិញរថយន្ត Model S និង Model X ឡើងវិញជាថ្មីម្តងទៀតនៅអឺរ៉ុប បន្ទាប់ពីផ្អាកអស់រយៈពេលជាង ៨ខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

តាមរយៈការចេញផ្សាយបានឱ្យដឹងថា Tesla បានសម្រេចចិត្តឈប់ទទួលយកការបញ្ជាទិញរថយន្ត Model X និង Model S នៅខាងក្រៅអាមេរិកខាងជើងកាលពីចុងឆ្នាំមុន ដោយសារតែបញ្ហាផលិតកម្ម។ ខណៈបញ្ហាដូចគ្នាទាំងនោះបណ្តាលឱ្យមានផលប៉ះពាល់ជាខ្លាំងដល់វត្តមានរថយន្តទាំងពីរម៉ូដែលនេះនៅអឺរ៉ុបចាប់តាំងពីខែមករា ឆ្នាំ២០២១មកម្លេះ។

ប៉ុន្តែការប្រកាសបង្ហាញថ្មីនេះ Tesla កំពុងតែទទួលការបញ្ជាទិញរថយន្តទាំងពីរម្តងទៀតហើយ ដោយលើកនេះនឹងចាប់ផ្តើមជាមួយនឹងត្រូកូល Plaid។ ទាំង Tesla Model S Plaid និង Model X Plaid នឹងត្រូវបានចុះបញ្ជី ដោយមានសិទ្ធិចែកចាយចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដែលទំនងជាមានន័យថា Tesla នឹងផ្តល់រថយន្តដំបូងទៅកាន់អ្នកដែលបានបញ្ជាទិញ ឬកក់ទុកជាមុនកាលពីមករា ឆ្នាំមុនជាជម្រើសដំបូង ហើយបន្ទាប់មកទើបផ្តល់ការបញ្ជាទិញជាថ្មីសម្រាប់អតិថិនដែលកក់ពេលក្រោយ។

គួរបញ្ជាក់ដែរថា ការដាក់លក់រថយន្ត Model X Plaid តាមការប៉ាន់ស្មានរបស់អ្នកវិភាគទំនងជាមាននៅលើទីផ្សារចន្លោះខែសីហា និងខែតុលា ឆ្នាំ២០២២ ខណៈ Model X ធម្មតាប្រហែលជានឹងមានលក់ចន្លោះខែមីនា ដល់ខែមិថុនា ឆ្នាំ២០២៣ឯណោះ។ ដោយឡែកសម្រាប់ Model S Plaid វិញត្រូវបានគេប៉ាន់ស្មានថានឹងដាក់លក់ទៅកាន់អ្នកទិញនៅអាមេរិកខាងជើងនៅចន្លោះខែតុលា ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៣ ខាងមុខហ្នឹងឯង៕