(សូឡូ)៖ នេះជាលទ្ធផលដណ្តើមបានមេដាយមាសទី៦ របស់ក្រុមអត្តពលិកជនពិការកម្ពុជា ដែលរកបាននៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់ទះអង្គុយ ក្រោយយកឈ្នះក្រុមថៃ ៣-១សិត ដែលសិតទី៤ ធ្វើបានលំដាប់ពិន្ទុ ២៥ទល់នឹង២២ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

ជំនួបវគ្គផ្ដាច់ព្រ័ត្រដ៏ស្វិតស្វាញនេះ ក្រុមជម្រើសជាតិជនពិការកម្ពុជា រកបានលទ្ធផលឈ្នះ ៣-១សិត ដែលបើកការប្រកួតដំបូងសិតទី១ ក្រុមថៃ បានវាយនាំមុខកម្ពុជា ដែលការព្យាយាមរបស់កម្ពុជា បានវាយបកវិញ ២៥-២៣ពិន្ទុ នឹងបន្តធ្វើបាននៅសិតទី២ កម្ពុជា ធ្វើបានយ៉ាងល្អរកបានលទ្ធផល ២៥-២២ពិន្ទុ។

តែក្រុមបាល់ទះអង្គុយថៃ បានវាយបកឈ្នះ ១សិតវិញនៅសិតទី៣ ដោយពិន្ទុ ២៥-១៩។ ប៉ុន្ដែសិតទី៤ គឺជាសិតបញ្ចប់ក្ដីសង្ឃឹមរបស់ថៃ ដែលកម្ពុជា រកបានលទ្ធផល ២៥-២២ ក្រោយវាយទៅមកយ៉ាងស្វិតស្វាញនៃវគ្គផ្តាច់ព្រ័ត្រនេះ។

ហើយគឺជាមេដាយមាសទី៦ ដែលអត្តពលិកជនពិការកម្ពុជា ធ្វើការដណ្ដើមបានជូនជាតិ ពីព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ានខាងលើ ដ្បិតគិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ១៩គ្រឿង រួមមានមេដាយមាស៦ ប្រាក់៧ និងសំរឹទ្ធ៦៕