(តូក្យូ)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីការធ្លាក់ចុះចំនួនពីរខ្ទង់នៅក្នុងប្រាក់ចំណេញត្រីមាសទី២ នៃឆ្នាំ២០២២របស់ខ្លួនក្នុងសប្តាហ៍នេះ ដោយសារតែកង្វះខាតបន្ទះឈីប និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បានបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ពិភពលោកសម្រេចចិត្តកាត់បន្ថយគោលដៅផលិតកម្មម្តងហើយម្តងទៀត។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

តាមរយៈការចេញផ្សាយបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានកាត់បន្ថយគោលដៅផលិតកម្មប្រចាំខែរបស់ខ្លួនចំនួន ៣ដងក្នុងអំឡុងខែមេសា ដល់ខែមិថុនា ត្រីមាសទី២កន្លងទៅនេះ ខណៈដែលវាបានធ្លាក់ចុះខ្ទង់ ១០ភាគរយពីក្រោយគោលដៅដំបូងរបស់ខ្លួនដោយសារតែកង្វះខាតបន្ទះឈីប (Semiconductors) ក៏ដូចជាផលប៉ះពាល់នៃការរាំងខ្ទប់ COVID-19 នៅក្នុងប្រទេសចិនជាដើម។ លើសពីនេះទៅទៀតក្រុមហ៊ុន Toyota ក៏កំពុងតែប្រឈមមុខនឹងការចំណាយខ្ពស់ បូករួមទាំងការភ័យខ្លាចថាអតិផរណាសកលអាចកាត់បន្ថយតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។

យ៉ាងណាមិញបើតាមការលើកឡើងរបស់លោក Koji Endo អ្នកវិភាគនៅក្រុមហ៊ុន SBI Securities បានឱ្យដឹងថា ប្រាក់ចំណេញនៅត្រីមាសទី២ កាលពីឆ្នាំ២០២១ បានកើនឡើង ខណៈដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសជប៉ុនបានរួចខ្លួនពីបញ្ហាដ៏អាក្រក់បំផុតនៃជំងឺរាតត្បាត CIVID-19 ប៉ុន្តែនៅឆ្នាំនេះ ផលវិជ្ជមានតែមួយគត់ដែលអាចនឹងជួបប្រទះនោះគឺទំនងជាប្រាក់យ៉េនចុះខ្សោយ។

បើយោងតាមការវិភាគរបស់ក្រុមហ៊ុន Refinitiv បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Toyota ទំនងជានឹងរាយការណ៍ពីលទ្ធផលប្រចាំត្រីមាសទី២ នៃឆ្នាំ២០២២ របស់ខ្លួននៅក្នុងសប្តាហ៍នេះ ដោយក្នុងនោះត្រូវបានគេរំពឹងថា នឹងត្រូវបានបង្ហាញពីការធ្លាក់ចុះខ្ទង់ ១៥ភាគរយនៃប្រាក់ចំណេញដែលមានទំហំទឹកប្រាក់ប្រាមាណ ៦.៤៧ពាន់លានដុល្លារ សម្រាប់រយៈពេល ៣ខែកន្លងទៅនេះ៕