(បរទេស)៖ ទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាមួយបានចោទប្រកាន់ក្រុមហ៊ុន vivo Mobile ដែលជាកម្មសិទ្ធរបស់ប្រទេសចិនពីការគេចពន្ធដែលមានតម្លៃប្រមាណ ២៨០លានដុល្លារអាមេរិក។ ខណៈការចោទប្រកាន់គេចពន្ធនេះគឺជាលើកទីពីរហើយរបស់ប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ ដែលប្រឆាំងនឹងក្រុមហ៊ុនផលិតស្មាតហ្វូនចិន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា នាយកដ្ឋានស៊ើបអង្កេតប្រាក់ចំណូល (DRI) របស់ប្រទេសឥណ្ឌាបានរកឃើញការគេចវេសពីពន្ធគយ បន្ទាប់ពីខ្លួនបានចេញសេចក្តីជូនដំណឹងបង្ហាញពីមូលហេតុដល់ក្រុមហ៊ុន vivo ឥណ្ឌា។ ដោយឡែកការជូនដំណឹងអំពីមូលហេតុនោះគឺ ជាការទាមទារជាផ្លូវការសម្រាប់ភាគីដែលជាប់ចោទដើម្បីបង្ហាញអំពីភាពត្រឹមត្រូវលើខ្លួនឯង។

យោងតាមខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ប្រាប់ដែរថា ការស៊ើបអង្គេតរបស់ DRI បាននាំទៅដល់ការរកឃើញនៃ «ភស្តុតាងចោទប្រកាន់ដែលបង្ហាញពីការប្រកាសខុសដោយចេតនានៅក្នុងការពិពណ៌នាអំពីទំនិញមួយចំនួនដែលបាននាំចូល»។ ខណៈភស្តុតាងទាំងនោះត្រូវបានរកឃើញបន្ទាប់ពីនាយកដ្ឋានអនុវត្តច្បាប់ (ED) បានឆ្មក់ចូលទៅក្នុងទីតាំងចំនួន ៤៤របស់ក្រុមហ៊ុនចិន ហើយទ្រព្យសម្បត្តិមួយចំនួនក៏ត្រូវបានរឹបអូសក្នុងអំឡុងពេលស៊ើបអង្កេតនោះផងដែរ។

យ៉ាងណាមិញបើយោងតាមទិន្នន័យពីអាជ្ញាធរ ការគេចពន្ធបានបើកដៃឱ្យក្រុមហ៊ុន vivo Mobile ផ្ទេរប្រាក់ជិត ៨ពាន់លានដុល្លារអាមេរិកទៅឱ្យក្រុមហ៊ុនមេរបស់ខ្លួននៅក្នុងប្រទេសចិនសម្រាប់រយៈពេល ៥ឆ្នាំកន្លងមកនេះ ដែលស្មើនឹងជិតពាក់កណ្តាលនៃប្រាក់ចំណូលរបស់ vivo Mobile ។ សរុបមកវិញ vivo មិនមែនជាក្រុមហ៊ុនស្មាតតែមួយ ដែលស្ថិតក្រោមការស៊ើបអង្កេតនោះទេ រដ្ឋមន្ត្រីហិរញ្ញវត្ថុ អ្នកស្រី Nirmala Sitharaman បានបញ្ជាក់ថា អាជ្ញាធរក៏កំពុងស៊ើបអង្កេត Oppo និង Xiaomi ផងដែរ៕