(ឡុងដ៍)៖ ក្លិប Chelsea បានចុះហត្ថលេខានាំយកខ្សែបម្រើវ័យជំទង់ Carney Chukwuemeka មកពីក្លិប Aston Villa លើកិច្ចសន្យារយៈពេល ៦ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្លិបទាំងពីរដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុនៃការផ្ទេរនេះ មិនត្រូវបានគេបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា កិច្ចសន្យានេះ មានតម្លៃ ២០លានផោន (២៤.៣៥លានដុល្លារ)។

Chukwuemeka បានចូលរួមសាលាបណ្តុះបណ្តាលរបស់ក្លិប Villa ក្រោយផ្លាស់មកពីក្លិប Northampton Town កាលពីឆ្នាំ២០១៦ និងបានបង្ហាញខ្លួនលើកដំបូងក្នុងក្រុមធំកាលឆ្នាំ២០២១។

លោកបានលេង ១២ប្រកួតក្នុងលីគកាលពីរដូវកាលមុន ខណៈក្លិប Aston Villa ដែលមានមូលដ្ឋាននៅទីក្រុង Birmingham មួយនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤។

កីឡាករសញ្ជាតិអង់គ្លេស វ័យ ១៨ឆ្នាំ Chukwuemeka បានក្លាយជាកីឡាករទី ៤ហើយដែលបានចុះកិច្ចសន្យាជាមួយតោខៀវ Chelsea ក្នុងរដូវកាលដោះដូរកីឡាករថ្មីៗនេះ។

Chelsea នឹងចាប់ផ្តើមយុទ្ធនាការលីគរបស់ពួកគេ តាមរយៈការប៉ះជាមួយ Everton នៅថ្ងៃសៅរ៍ស្អែកនេះ៕