(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសជប៉ុន Toyota Motor Corp បានប្រកាសបង្ហាញពីរបាយការណ៍ធ្លាក់ចុះខ្ទង់ ៤២ភាគរយនៃលទ្ធផលប្រាក់ចំណេញរបស់ខ្លួនក្នុងត្រីមាសទី២ នៃឆ្នាំ២០២២កន្លងទៅនេះ។ ខណៈវាជាការលាតត្រដាងពីត្រីមាសដ៏អាក្រក់បំផុតមួយ ដោយសារតែការផលិតរថយន្តត្រូវបានរាំងស្ទះដំណើរការដោយការរឹតបន្តឹងលើរោងចក្រនៅក្នុងប្រទេសចិន និងកង្វះខាតបន្ទះឈីបទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

ប្រាក់ចំណេញសម្រាប់រយៈពេល ៣ខែកន្លងទៅដែលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា បានធ្លាក់ចុះជាខ្លាំងដល់ ៤.៣ពាន់លានដុល្លារ ដែលវាជាលទ្ធផលដ៏អួលអាប់បំផុតសម្រាប់ត្រីមាសឆ្នាំ២០២២ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែល Toyota រកបានមានចំនួនប្រមាណ ៧.៤ពាន់លានដុល្លារ។ តែយ៉ាងណាសម្រាប់លទ្ធផលនេះក៏បង្ហាញពីការខកចិត្តដ៏ខ្លាំងពីអ្នកវិភាគផងដែរ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ ដោយអះអាងថាត្រីមាសទី២ នឹងធ្លាក់ចុះអាក្រក់បំផុតត្រឹមតែខ្ទង់ ១៥ភាគរយប៉ុណ្ណោះ ខណៈការរំពឹងទុកនោះគឺទាបជាលទ្ធផលបច្ចុប្បន្ន។

បើទោះជាលទ្ធផលប្រចាំត្រីមាសទី២ មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តដ៏កំពូលនេះនៅមានបញ្ហាដ៏លំបាកមួយទៀត ដោយបានជាប់គាំងទៅនឹងការព្យាករណ៍របស់ខ្លួនសម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១៧.៨ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១២ខែរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯណោះ៕