(សៀមរាប)៖ ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ កម្ពុជា ថៃ ឡាវ និងវៀតណាម នៅពហុកីឡាដ្ឋានខេត្តសៀមរាប នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានធ្វើឡើងក្រោមវត្តមានរបស់លោក តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងដឹកនាំក្រុមកីឡាករវ័យចំណាស់កម្ពុជាចូលរួមប្រកួត និងមានក្រុមកីឡាករវ័យចំណាស់ថៃ ឡាវ ចំនួន១១០នាក់ និងកីឡាករវ័យចំណាស់វៀតណាមចំនួន២០នាក់ផងដែរ។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រីកនូវសក្តានុពលទេសចរណ៍សម្បូរបែបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅ តាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ ជម្រុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរ ដំណើរ ឆ្ពោះទៅការប្រកួតកីឡា SEA GAME - ASEAN PARA GAME 2023 ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះផងដែរ។

ដោយឡែកក្នុងការប្រកួតនារសៀលថ្ងៃទី០៤ ខែសីហានេះ មានពីរប្រកួត ដោយក្រុមទី១ មានកីឡាករវ័យ ចំណាស់ រដ្ឋបាលខេត្តសៀមរាប ប្រកួតជាមួយ ក្រុមកីឡាករកីឡាការនីនៃព្រះរាជាណាចក្រថៃ នៅពេលបញ្ចប់ការប្រកួតជាលទ្ធផល ក្រុមកីឡាកររដ្ឋបាលខេត្តសៀមរាប បានយកឈ្នះលើក្រុមកីឡាករវ័យ ចំណាស់ថៃ៣ទល់នឹងសូន្យ។ ចំពោះក្រុមទី២ មានកីឡាករ វ័យចំណាស់ប្រទេសឡាវ ប្រកួតជាមួយ ក្រុមកីឡាករវ័យចំណាស់វៀតណាម ហើយនៅពេលបញ្ចប់ការប្រកួតជាលទ្ធផល ក្រុមកីឡាករវៀតណាម បានយកឈ្នះលើ ក្រុមកីឡាករទ្បាវ ៣ទល់នឹង១។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះ គឺចាប់ផ្តើមប្រកួត ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅតាមកម្មវិធី ដែលគណៈកម្មការរៀបចំការប្រកួតទៅតាមពូលនីមួយៗដែលបានកំណត់៕