(បរទេស)៖ ក្រុមហ៊ុន Meta Platforms Inc ដែលជាមេធំរបស់ Facebook ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងរៃអង្គាសប្រាក់ឱ្យបាន ប្រមាណ ១០ពាន់លានដុល្លារអាមេរិក ដើម្បីកែលម្អអាជីវកម្មរបស់ខ្លួន តាមរយៈលក់មូលបត្របំណុល

ដែលវាជាសកម្មភាពមួយមិនធ្លាប់មានឡើយ សម្រាប់ ក្រុមហ៊ុនយក្សអាមេរិកមួយនេះ។ នេះបើយោងតាមការចេញ ផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ប្រភពបានដែលដឹងព៧ត៌មាននេះ បានបង្ហើបឱ្យដឹងទៀតថា Meta មានគម្រោងត្រៀមលក់មូលបត្របំណុលដែលមានកាលកំណត់ចាប់ពី៥ ឆ្នាំដល់ ៤០ឆ្នាំ ដើម្បីទទួលបានទឹកប្រាក់ ក្នុងទំហំ ៣០ពាន់លានដុល្លារពីអ្នកវិនិយោគ។

ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ក្រៅផ្លូវការមួយនេះ មិនត្រូវបានក្រុមហ៊ុន Meta ឆ្លើយបំភ្លឺឡើយ។

នេះជាលើកដំបូងហើយដែលគេទទួលបានព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ព្រោះថាក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានតែក្រុមហ៊ុន Meta មួយប៉ុណ្ណោះដែលមិនមានសៀវភៅបញ្ជីបំណុល ឬ មិនធ្លាប់បានចេញលក់មូលបត្របំណុល។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា Meta អាចនឹងរងផលប៉ះពាល់នៅលើទីផ្សារ ទើប ក្រុមហ៊ុនមួយនេះត្រូវការហិរញ្ញវត្ថុមួយដែលមានស្ថេរភាព ជាពិសេស Meta បានដាក់ឱ្យប្រើប្រាស់ពិភពពិតនិម្មិត metaverse ដែលត្រូវការលុយច្រើនដើម្បីគាំទ្រលើគម្រោងមួយនេះ។

ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន Meta បានចាប់ផ្ដើមរៃអង្គាសប្រាក់តាមរយៈមូលបត្របំណុល បន្ទាប់ពីបាន ប្រកាសបង្ហាញរបាយការណ៍ប្រាក់ចំណូលត្រីមាសទី២រួច។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដូចជា Apple Inc និង Intel Corp ក៏បានចេញលក់មូលបត្របំណុលកាលពីដើមសប្តាហ៍នេះផងដែរ ដោយ Apple រៃអង្គាសប្រាក់បាន ៥,៥ ពាន់លានដុល្លារ និង Intel ទទួលបាន ៦ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថា ការ ដាក់លក់ មូលបត្រ បំណុល ជា មធ្យោបាយ មួយ សម្រាប់ ក្រុមហ៊ុន ក្នុង ការ រៃអង្គាស ប្រាក់។ មូលបត្រ បំណុល មានមុខងារជាប្រាក់កម្ចីរវាងវិនិយោគិន និងសាជីវកម្ម។ វិនិយោគិនយល់ព្រមផ្តល់ឱ្យសាជីវកម្មនូវចំនួនទឹកប្រាក់ជាក់លាក់មួយសម្រាប់រយៈពេលជាក់លាក់មួយ។ ជាថ្នូរមកវិញ វិនិយោគិនទទួលបានការទូទាត់ការប្រាក់តាមកាលកំណត់៕