(ភ្នំពេញ)៖ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានណែនាំនូវ «គណនីសន្សំឆ្លាតវៃ» ជាមួយនឹងអត្រាការប្រាក់ខ្ពស់ និងភាពបត់បែនខ្លាំង ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឲ្យមានការសន្សំប្រាក់ប្រកបដោយភាពឆ្លាតវៃ និងជួយបង្កើតទម្លាប់សន្សំប្រាក់ដ៏ល្អមួយសម្រាប់ពួកគាត់។

គណនីសន្សំឆ្លាតវៃ គឺជាគណនីសន្សំដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជន ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៣,៥% ក្នុងមួយឆ្នាំជាមួយនឹងភាពបត់បែនក្នុងការដកសាច់ប្រាក់បានចំនួន ២ដងក្នុងមួយខែ ដើម្បីយកមកចាត់ចែងក្នុងការប្រើប្រាស់សម្រាប់គ្រាអាសន្ន ឬចាំបាច់ណាមួយ ដោយមិនមានការខាតបង់ការប្រាក់នោះទេ។

លោក រ៉ាយអេន កុង ម៉ុន គីត នាយកប្រតិបតិ្ត សេវាហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស្ថាបនា បានឲ្យដឹងថា «គណនីសន្សំឆ្លាតវៃ គឺជំរុញឲ្យយើងបន្តការយកចិត្តទុកដាក់ និងចក្ខុវិស័យរបស់យើង ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដ៏មានតម្លៃ និងងាយស្រួល ដើម្បីបំពេញតម្រូវការរបស់ពួកគាត់។ លើសពីនេះទៅទៀត គណនីសន្សំឆ្លាតវៃ ក៏ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដូចជាការផ្តល់ការប្រាក់បន្ថែមពីលើប្រាក់សន្សំ ហើយក្នុងពេលជាមួយគ្នានេះផងដែរ អតិថិជនក៏អាចដកប្រាក់យកមកប្រើប្រាស់ក្នុងករណីចំបាច់ណាមួយ ឬ គ្រាអាសន្នដោយមិនមានការបាត់បង់ការប្រាក់នោះទេ»

លោកបានបន្ថែមទៀតថា «ជាមួយគណនីសន្សំឆ្លាតវៃ អតិថិជនអាចរក្សាការប្រាក់ ដែលមានភាពខុសប្លែកពីគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលការប្រាក់នឹងមានការប្រែប្រួល ឬបាត់បង់រាល់ពេលដែលអតិថិជនដកប្រាក់មុនពេលកំណត់»

អតិថិជនអាចបើកគណនីសន្សំឆ្លាតវៃ ជាមួយនឹងប្រាក់តម្កល់ដំបូងត្រឹមតែ១០០ដុល្លារអាមេរិក នៅតាមការិយាល័យសាខាដែលនៅជិតបំផុត ឬតាមរយៈ កម្មវិធីស្ថាបនា ម៉ូបាល របស់យើងដែលទើបតែឈ្នះបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ។ បន្ថែមពីលើនេះ សមតុល្យអប្បបរមា គឺ១០០ដុល្លារ ជាមួយការដាក់ប្រាក់បញ្ញើឥតដែនកំណត់ប្រចាំថ្ងៃ និងប្រចាំខែ។ អតិថិជនគណនីសន្សំឆ្លាតវៃទាំងអស់ អាចដកប្រាក់បានរហូតដល់២ដងក្នុងមួយខែ ជាមួយចំនួនទឹកប្រាក់ឥតដែនកំណត់។ ចំណែកអតិថិជនស្រ្តី ក្នុងវិស័យអាជីវកម្មអាចដកប្រាក់រហូតដល់ ៣ដងក្នុងមួយខែ ជាមួយចំនួនទឹកប្រាក់ឥតដែនកំណត់ផងដែរ។

សម្រាប់ព័ត៌មានលម្អិតអំពីគណនីសន្សំឆ្លាតវៃ សូមចូលទៅកាន់គេហទំព័រ៖ https://www.sathapana.com.kh/smart-savings-account (https://www.sathapana.com.kh/smart-savings-account/)។ ដើម្បីស្វែងរកសាខារបស់យើង សូមចុចត្រង់នេះ៖ https://www.sathapana.com.kh/contactus/branch-address (https://www.sathapana.com.kh/contactus/branch-address/)/

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង៤,០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ ចំនួន៣ និងម៉ាស៊ីន ATM ជាង២៥០។

យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ក្រៅពីនេះ ក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយ ក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជឲ្យបានកាន់តែល្អប្រសើរ៕

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖
* កញ្ញា បាន វិច្ឆិកា
* ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
* លេខទូរសព្ទ (+855) 96 248 3777 / (+855) 87 700 803
* អ៊ីម៉ែល [email protected]