(សៀមរាប)៖ លទ្ធផលការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំខែកក្កដា ក្នុងឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ស្រុក/ក្រុងក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន២៤៥សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៨៩សំណើ។
ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន១៨សំណើ ស្រុកអង្គរធំបានចំនួន៣សំណើ ស្រុកពួកបានចំនួន១៨សំណើ និងក្រុងសៀមរាបបានចំនួន៧៥សំណើ ស្រុកបន្ទាយស្រី៧៥សំណើ សរុបចំនួន១៨៩សំណើ។
ក្រុមការងារសហគមន៍ជួបនូវបញ្ហាប្រឈមមួយចំនួន ដូចជាការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់បេតិកភណ្ឌនៅតែមាន។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា មានគោលដៅផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់បេតិកភណ្ឌនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធភាពទាន់ពេលវេលា។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕