(បរទេស)៖ កន្លងមកមានព័ត៌មានលេចធ្លាយជាច្រើនទាក់ទិននឹង iPhone 14 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដោយមានការលើកឡើងតៗគ្នាថាត្រកូលថ្មីនេះទំនងជាត្រូវបានតំឡើងថ្លៃប្រហែល ១០០ដុល្លារពីត្រកូលមុន។ ដោយឡែកពាក្យចចាអារ៉ាមចុងក្រោយនេះបានឱ្យដឹងថា Apple នឹងនៅតែរក្សាតម្លៃ iPhone របស់ខ្លួននៅដដែលក្រោមហេតុផលមួយចំនួន ខណៈថ្ងៃប្រកាសចេញកាន់តែខិតជិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

យោងតាមខ្លឹមសារព័ត៌មានមួយដែលបានចុះផ្សាយនៅលើ Platform Never របស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ប្រាប់ថា Apple បានសម្រេចចិត្តបង្កកតម្លៃនៃការដាក់លក់តែ iPhone 14 ដែលជាម៉ូដែលធម្មតាប៉ុណ្ណោះ មានន័យថាម៉ូដែលនេះនឹងនៅតែរក្សាតម្លៃដូចដើម ខណៈដែល ៣ម៉ូដែលទៀតគេមិនបានធ្វើការបញ្ជាក់នោះទេ។ យ៉ាងណាមិញចំពោះការសម្រេចបង្កកតម្លៃនេះត្រូវបានគេអះអាងថា នាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនដែលមើលការខុសត្រូវផ្នែកផលិតស្មាតហ្វូនជាអ្នកសម្រេចចិត្ត។

ជាក់ស្តែងព័ត៌មានលេចធ្លាយក្នុងសប្តាហ៍នេះ ត្រូវបានប្រភពឱ្យដឹងថាបានមកពី «ស្ថាប័នហិរញ្ញវត្ថុធំរបស់សហរដ្ឋអាមេរិក» ដែលគេអះអាងពីភាពត្រឹមត្រូវប្រមាណ ៩០ភាគរយ ដោយបានបញ្ជាក់ពីមូលហេតុនៃការបង្កកតម្លៃក្នុងការចេញលក់នេះថា បណ្តាលមកពីកាជាប់គាំងទីផ្សារស្មាតហ្វូនពិភពលោក និងការធ្លាក់ចុះនៃតម្រូវការអ្នកប្រើប្រាស់ រួមជាមួយនឹងតម្លៃគឺជាកត្តាទី១ ដែលជាហេតុផលចម្បងសម្រាប់ការបញ្ជាទិញនៅទូទាំងអ្នកប្រើប្រាស់ស្មាតហ្វូន។

គួរបញ្ជាក់ដែរថា Apple គ្រោងដាក់បង្ហាញ iPhone 14 របស់ខ្លួននៅក្នុងខែកញ្ញា ខាងមុខហ្នឹងឯង ហើយព័ត៌មានលេចធ្លាយចុងក្រោយនេះទំនងជាធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនពេញចិត្តជាខ្លាំង ខណៈដែលតម្លៃ iPhone 14 ធម្មតានឹងនៅតែរក្សានៅដដែលដោយមានតម្លៃប្រមាណ ៧៩៩ដុល្លារ ដូចទៅនឹង iPhone 13 ជំនាន់មុនផងដែរ៕