(កូរ៉េ)៖ តារាហូលីវូដល្បីឈ្មោះ Brad Pitt នឹងទៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូង ក្នុងរយៈពេល៨ឆ្នាំមកនេះ ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់លោក ដែលមានចំណងជើងថា «Bullet Train» ខណៈដំណឹងនេះ ត្រូវបានបង្ហើបឲ្យដឹងពីអ្នកចែកចាយភាពយន្តក្នុងប្រទេសកូរ៉េ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

បើតាមផលិតកម្ម Sony Pictures បានឲ្យដឹងថា ការធ្វើដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ជាមួយនឹងតារាសម្ដែង Aaron Taylor-Johnson។ នៅប្រទេសកូរ៉េខាងត្បូង តារានឹងចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយ សម្រាប់ខ្សែភាពយន្តនាពេលខាងមុខ រួមទាំងព្រឹត្តិការណ៍កម្រាលព្រំក្រហម ដែលបានគ្រោងទុកសម្រាប់ថ្ងៃនោះ។ បន្ថែមពីនេះជាដំណើរទស្សនកិច្ចលើកទី៤ហើយ របស់តារាសម្តែង Pitt ទៅកាន់កូរ៉េខាងត្បូង ខណៈកន្លងទៅ គឺទៅដើម្បីផ្សព្វផ្សាយរឿង «Moneyball» ក្នុងឆ្នាំ ២០១១, រឿង «World War Z» នៅក្នុងឆ្នាំ ២០១៣ និងរឿង «Fury» នៅក្នុងឆ្នាំ២០១៤។

គួរជម្រាបថា ខ្សែភាពយន្តថ្មីដែលសម្តែងដោយកំពូលតារាហូលីវូដ Brad Pitt គឺគ្រោងនឹងចាក់បញ្ចាំងនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែសីហា ដែលវាជារឿងប្រាប់ពីរឿងរ៉ាវរបស់ Ladybug (Brad Pitt) ដែលជាឃាតកមានបទពិសោធន៍ខ្ពស់ ដែលប្រថុយជីវិត ដើម្បីបំពេញបេសកកម្មលើរថភ្លើងគ្រាប់កាំភ្លើងរបស់ជប៉ុន ដែលពោរពេញទៅដោយឃាតក៕