(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុដំបូងនៃពានរង្វាន់ AFF U16 Boys Championship 2022 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U16 អូស្ដ្រាលី ដោយលទ្ធផល ៤-២ នៅប្រទេសឥណ្ឌូនេស៊ី។

ការប្រកួតទី២ ក្នុងពូល C នេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយបើកការនាំមុខក្រុមយុវជន U16 អូស្ដ្រាលី ២-១ នៅវគ្គទី១ មុនបន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ខណៈអូស្ដ្រាលី រកបាន ២គ្រាប់ប៉ុណ្ណោះ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា ឈ្នះអូស្ដ្រាលី ៤-២។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុម U16 កម្ពុជា នៅមានឱកាសប្រជែងកៅអីវគ្គបន្ដ បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ដោយឈ្នះ ១ និងចាញ់ ១ ពោលគឺប្រកួតដំបូង កម្ពុជា ចាញ់ម៉ាឡេស៊ី ៣-០ ខណៈនៅសល់ ១ប្រកួតក្នុងដៃ ដែលក្រុមយុវជនកម្ពុជា នឹងត្រូវជួបក្រុម U16 មីយ៉ាន់ម៉ា នាថ្ងៃទី០៨ ខែសីហាខាងមុខ៕