(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal យកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក Premier League រដូវកាលថ្មីឆ្នាំ២០២២-២០២៣ បន្ទាប់ពីយកឈ្នះស្រួលៗទៅលើម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល ២ទល់នឹង០ នៅរាត្រីឆ្លងចូលព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

សមាជិកថ្មី Aleksandr Zinchenko បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Martinelli តែតបញ្ចូលទីបានសម្រេចនៅនាទីទី២០ ក្នុងកីឡដ្ឋាន Selhurst Park នៅមុនពេល Bukayo Saka បានបញ្ជូនបាល់ចូលប្រអប់គ្រោះថ្នាក់ តែត្រូវបានខ្សែការពារ Guehi ធ្វេសប្រហែសតែតបាល់បញ្ចូលទីទៅវិញនៅនាទី៨៥។

Gabriel Martinelli បានក្លាយជាកីឡាករប្រេស៊ីលដំបូងគេ ដែលបានរកបានគ្រាប់ដំបូងនៅលីគកំពូលអង់គ្លេសរដូលថ្មីនេះ គ្រាដែលក្រុមដែលដឹកនាំដោយលោក Mikel Arteta បានកំពុងស្រេកឃ្លានជ័យជម្នះជាខ្លាំង និងបានសាងកំណត់ត្រាពុំទាន់ចាញ់ប្រកួតណាមួយឡើយតាំងពី Pre season មក។

៣ពិន្ទុ៏សំខាន់នៅទឹកដីក្រៅផ្ទះនេះដែរ បានធ្វើឲ្យ Arsenal ឡើងទៅឈរនៅកំពូលតារាង Premier League ជាបណ្តោះអាសន្ន និងមាន ២គ្រាប់ក្នុងដៃផងដែរ ដ្បិតនៅអង់គ្លេសមានរូបមន្ត Goal difference ក្នុងការប្រជែងយកចំណាត់ថ្នាក់ ប្រសិនបើពិន្ទុស្មើគ្នា គ្រាដែល Crystal Palace ធ្លាក់ទៅនៅបាតតារាងដោយគ្មានពិន្ទុរាប់៕