(កូរ៉េ)៖ BTS ដែលត្រូវបានប្រកាសថាជាឯកអគ្គរដ្ឋទូតសម្រាប់ព្រឹត្តិការណ៍ «World Expo 2030 Busan» ត្រូវបានគេរាយការណ៍ថា នឹងរៀបចំការប្រគំតន្ត្រីជាសកលនៅទីក្រុង Busan ដែលមិនគិតថ្លៃ សម្រាប់ការចូលទស្សនា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី០៦ ខៃសីហា ឆ្នាំ២០២២។

យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយ BTS នឹងសម្តែងនៅទីក្រុងប៊ូសានក្នុងខែតុលាខាងមុខនេះ ដើម្បីជូនដំណឹងដល់ពិភពលោកអំពីការតែងតាំងថ្មីរបស់ពួកគេ ក្នុងនាមជាឯកអគ្គរដ្ឋទូត «Expo Global» របស់ទីក្រុងប៊ូសាន។ គេរំពឹងថាការប្រគំតន្ត្រីរបស់ BTS នៅទីក្រុងប៊ូសាននឹងទាក់ទាញអ្នកគាំទ្រប្រហែល ១០០,០០០នាក់ ហើយនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងទីក្រុងប៊ូសាន។

ជាពិសេស HYBE Labels ត្រូវបានគេរាយការណ៍ថា បានយល់ព្រមរៀបចំការប្រគំតន្ត្រីដោយមិនគិតថ្លៃ ហើយបច្ចុប្បន្នកំពុងពិចារណាកន្លែងប្រគំតន្ត្រីចំនួនបីផ្សេងគ្នា រួមមានកីឡដ្ឋាន Busan Asiad Main Stadium, Samnak Ecological Park និង Bukhang Port។

ការប្រគំតន្ត្រីរបស់ BTS នៅទីក្រុង Busan នឹងជាការសម្តែងលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីការប្រគំតន្ត្រី «Permission To Dance On Stage» របស់ពួកគេដែលបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូល កាលពីខែមីនា ឆ្នាំ 2022។ បច្ចុប្បន្នគេមិនទាន់ដឹងថា តើទីក្រុងប៊ូសាន នឹងរៀបចំគម្រោងការប្រគំតន្ត្រីរបស់ BTS នៅកន្លែងណានោះទេ?